ឯកឧត្តមបណ្ឌិត គុណ ញឹម៖ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំង ក្នុងការជំរុញកំណើន និងបង្កើតការងារ


(កណ្ដាល)៖ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅថ្ងៃទី២៤ ខែតុលា ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម តែងជួបប្រទះបញ្ហាប្រឈម ក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនដើម្បីគាំទ្រវិស័យនេះ ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត។

ឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្តរួមមាន៖

ទី១៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥
ទី២៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
ទី៣៖ យុទ្ធសាស្រ្តកៀរគរចំណូល២០១៩-២០២៣។

សិក្ខាសាលានេះក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល, តំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, សភាពាណិជ្ជកម្ម (ក្រុមការងារផ្នែកគយ-សហគ្រាសធុនតូចនិងមធ្យម), សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម សមាគមសហគ្រិនវ័យក្មេង និងសហគ្រាសធុនតូចនិងមធ្យម សរុបអ្នកចូលរួមជាង ១០០នាក់។

ឯកឧត្តមបណ្ឌិត គុណ ញឹម បញ្ជាក់ថា ដើម្បីជំរុញការធ្វើសេដ្ឋកិច្ច និងដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល បានលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារបន្ថែមទៀត តាមរយៈអនុក្រឹត្យ លេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ និងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើវិស័យអាទិភាពមួយចំនួនដូចជា សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត, ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និងអ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបង្ហាញថា ខេត្តកណ្តាល មានសហគ្រាសធុនតូច និងមធ្យមកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ឲ្យឲ្យកត់សម្គាល់ គឺក្នុងឆ្នាំ២០១៨ មានចំនួន ១,២៥៥មូលដ្ឋាន ប្រៀបធៀបឆ្នាំ២០១៧ មានកំណើន ៩៧០ មូលដ្ឋាន២.៥៨% មកដល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ កើនឡើងដល់ចំនួន ១,៣៣៣ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មរហូតដល់ ១៩, ២០៩នាក់។

ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ម្ចាស់ឬតំណាងសហគ្រាសធុនតូច និងមធ្យមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងលើកឡើងនូវចម្ងល់ ក៏ដូចជាសំណូមពរមកដល់ អគ្គនាយកដ្ឋានទាំងពីរ រួមទាំងភាគីពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តការលើកទឹកចិត្តនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពតម្លាភាព និងស្របតាមស្ថានភាពជាក់ស្តែងនៅកម្ពុជា៕