មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញលទ្ធផលនៃការវិភាគទេសចរណ៍នៅតំបន់សៀមរាប-អង្គរ ជូនរដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍


មន្ត្រីជំនាញផ្នែកអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បានធ្វើបទបង្ហាញជូនឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តម សុខ សង្វារ ប្រធានក្រុមការងារបានបញ្ជាក់ជូនអង្គប្រជុំថា ការវិភាគពីស្ថានភាពទេសចរណ៍សៀមរាបអង្គរ មិនមែនធ្វើឡើងដោយមូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទេ។ ការងារនេះត្រូវបានធ្វើឡើងតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី អង្គរ ដែលតម្រូវឲ្យក្រុមការងារធ្វើការសិក្សា វិភាគឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីដាក់ចេញនូវផែនការមេសម្រាប់ការអភិវឌ្ឍទេសចរណ៍ដោយចីរភាពក្នុងតំបន់អង្គរ។

ឯកឧត្តមបន្ថែមថា លទ្ធផលដែលក្រុមការងារបង្ហាញជូននៅពេលនេះ កើតចេញពីការចុះប្រមូលទិន្នន័យ ប្រជុំពិភាក្សាជាមួយវិស័យឯកជនចំនួន១៦លើក ចាប់ពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលមានទាំងសមាគមសណ្ឋាគារ ផ្ទះសំណាក់ សមាគមចុងភៅ ប្រតិបត្តិករទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន ការដ្ឋានអន្តរជាតិដែលកំពុងបំពេញការងារអភិរក្សក្នុងតំបន់អង្គរ។ល។ និងស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើនទៀត។

ក្នុងបទបង្ហាញជូនអង្គប្រជុំ លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាទាំង១៧លើកកន្លងមក បានបែងចែកជា២ក្រុមធំៗគឺ មួយក្រុមពិភាក្សាអំពីការៀបចំលំហូរភ្ញៀវទេសចរណ៍ និងមួយក្រុមទៀតពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយចីរភាព កាត់បន្ថយផលប៉ះពាល់លើប្រាសាទតាមរយៈការទស្សនារបស់ភ្ញៀវ។

ទន្ទឹមនឹងការបង្ហាញនូវបញ្ហាដែលទទួលបានពីការកិច្ចពិភាក្សា ក្រុមការងារក៏បានលើកឡើងនូវយុទ្ធសាស្ត្រ និងផែនការអនុវត្តសម្រាប់រយៈពេលខ្លី មធ្យម និងវែង ជូនអង្គប្រជុំ ដើម្បីផ្តល់យោបល់ន្ថែមផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញនូវភាពរីករាយចំពោះលទ្ធផលដែលក្រុមការងារបានចុះធ្វើ និងបង្ហាញជូននៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលនេះគឺអាចយកទៅផ្ទៀងផ្ទាត់គ្នាជាមួយជាមួយក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ដែលកំពុងតែរៀបចំស្រង់ទិន្នន័យ និងសរសេរផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តសៀមរាបទាំងមូលដែរ។ ឯកឧត្តមបានស្នើឲ្យក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បន្តពិភាក្សាជាមួយក្រុមលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងបន្ថែមទៀត៕