លោកជំទាវ ម៉ម ថានី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ម៉ម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ីក ស៊ី លើផ្ទៃដីទំហំ ១៩.៣១៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ របស់ក្រុមហ៊ុន ប៊ីក ស៊ី ស៊ូភើសេនធ័រ (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរបរិស្ថាន ខេត្ដបន្ទាយមានជ័យ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាជាច្រើនរូបផងដែរ។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-គាំទ្រលើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ីក ស៊ី របស់ក្រុមហ៊ុន ប៊ីក ស៊ី ស៊ូភើសេនធ័រ (ខេមបូឌា) ឯ.ក
២-ក្រុមហ៊ុនត្រូវធ្វើលិខិតបិទការដ្ឋានទៅក្រសួងដែនដីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីក្រសួងចុះពិនិត្យទៅលើបច្ចេកទេសសំណង់
៣-ក្រុមហ៊ុនត្រូវចុះបញ្ជី ប.ស.ស និងមានគិលានុបដ្ឋានសង្គ្រោះបឋមនៅក្នុងទីតាំងគម្រោង
៤-ក្រុមហ៊ុនទីប្រឹក្សា​ ត្រូវកែសម្រួលឈ្មោះប្រឡាយអូរព្រំដែន ទៅជាប្រឡាយអូរជ្រៅ ជំនួសវិញ
៥-ក្រុមហ៊ុនត្រូវមានបុគ្គលិកទទួលបន្ទុកផ្នែកបរិស្ថានប្រចាំការ
៦-ក្រុមហ៊ុន​ ត្រូវគិតគូរពីការប្រើប្រាស់បន្ទះសូឡា និងការប្រើប្រាស់ទឹកឡើងវិញឱ្យអស់ពីលទ្ធភាព
៧-ក្រុមហ៊ុន​ ត្រូវបញ្ចូលប្រកាសពីវិធានការគ្រប់គ្រងអាគុយ និងថ្មពិល
៨-ក្រុមហ៊ុន​ ត្រូវដាំដើមឈើបន្ថែមនៅជុំវិញ និងនៅក្នុងបរិវេណក្រុមហ៊ុន
៩-ក្រុមហ៊ុន​ ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី
១០-ម្ចាស់គម្រោង​ និងក្រុមហ៊ុនទីប្រឹក្សា​ ត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមមតិយោបល់ជាវិជ្ជមាន និងស្មារតីអង្គប្រជុំ៕