ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឱ្យប្រសើរឡើង ដើម្បីធានាបានគុណភាពរឹងមាំអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង


ថ្ងៃអាទិត្យ ១៤រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឱ្យប្រសើរឡើង ដើម្បីធានាបានគុណភាពរឹងមាំអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។

ការចុះពិនិត្យនេះមានការចូលរួមពីមន្ដ្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ខេត្តកែប និងខេត្តកំពតផងដែរ។

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពស្ថាបនាជួសជុលផ្លូវនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវមានការខូចខាតដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគជាំ តំបន់ខ្លះមានប្រភេទដីទន់ (ដីស្អុយ) ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានធ្វើឱ្យផ្លូវឆាប់ទទួលរងការខូចខាត។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តទៀតថា ដល់រដូវផុតភ្លៀង យើងនឹងសម្រុកធ្វើផ្លូវជាតិលេខ៣ នេះជាប្រភេទបេតុងកៅស៊ូ (AC) ដែលមានគុណភាពប្រើប្រាស់រហូតដល់ ១២ឆ្នាំ ហើយបច្ចុប្បន្ន យើងធ្វើការជួសជុលបណ្តោះអាសន្ន ដើម្បីជួយសម្រួលបងប្អូនធ្វើចរាចរណ៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ ផ្លូវថ្នល់មួយចំនួននៅកម្ពុជាកំពុងត្រូវបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ពី កៅស៊ូ២ស្រទាប់ (DBST) ទៅជាបេតុងកៅស៊ូ (AC) និងផ្លូវមួយចំនួនទៅជាបេតុងស៊ីម៉ងត៍ ដូចជា៖ ផ្លូវកោះកុង- ស្រែអំបិល កំពង់ធ្វើជា AC ២គន្លង និងមាន៤កន្លែង ពង្រីកទៅជា ៤គន្លងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ពីគម្រោងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១០ (សំឡូត-កោះកុង) និងគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ផ្លូវជាតិ៥៥ ដែលជាផ្លូវស្រស់ស្អាតឡើងចុះភ្នំ ភ្ជាប់ទៅទល់ដែនថៃ នាពេលឆាប់ៗនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ បន្តស្រោចទឹកលើផ្លូវឱ្យបានញឹកញាប់ ក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយធូលីដី ដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចបង្កឱ្យកើតមានជម្ងឺផ្សេងៗ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុក្នុងពេលធ្វើដំណើរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ចំពោះការហុយធូលី ការកកស្ទះចរាចរណ៍ និងពិបាកធ្វើដំណើរក្នុងពេលសាងសង់ និងសូមកុំបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវរបស់យើងឆាប់ខូច នាំឱ្យខាតបង់ថវិកាជាតិ ជាពិសេសចូលរួមថែរក្សាផ្លូវឱ្យរឹងមាំជាប់បានយូរអង្វែង។

សូមបញ្ជាក់ផងដែរថា៖ ផ្លូវនេះនឹងត្រូវធ្វើការជួសជុលបណ្តោះអាសន្នប្រវែងប្រមាណ២០គីឡូម៉ែត្រ ឱ្យបានរួចរាល់នៅក្នុងខែធ្នូចុងឆ្នាំ២០១៩នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០ ៕