សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា១.៥ម៉ឺនដុល្លារ ជីកស្រះទឹក នៅវត្តអូរគ្រៀត ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ


(ភ្នំពេញ)៖ ស្រះទឹកនៅវត្តអូរគ្រៀត ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានតម្លៃ១ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក បានឆ្លងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈហើយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ ពិធីសម្ពោធឆ្លងស្រះទឹកនេះ បានធ្វើឡើងដោយមានការចូលរួមពី លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ស្រះទឹកដែលកសាងឡើងដោយថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានតម្លៃមួយម៉ឺនប្រាំពាន់ដុល្លារ រួមផ្សំជាមួយបច្ច័យចូលរួមចំណែក របស់ពុទ្ធបរិស័ទបានស្ថាបនារួចរាល់ និងបានធ្វើបុណ្យឆ្លង ក្នុងឱកាសបុណ្យកឋិនទាន ដែលអញ្ជើញជាកិត្តិយសដោយលោក ហាស់ វ៉ារី ព្រមទាំងសហការី។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាល តែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា មិនថាបងប្អូនប្រជាពលរដ្ឋរស់នៅទីណាក៏ដោយ។ ការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្តែងចេញជាបន្តបន្ទាប់តាមរយៈការជួយកសាងសមិទ្ធិផលនានា ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។

ក្នុងការចូលរួមបុណ្យកឋិនទាននៅវត្តអូរគ្រៀតនាពេលនោះ លោក ហាស់ វ៉ារី ក៏បាននាំបច្ច័យ ១០លានរៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមកសាងវត្ត ព្រមទាំងបានប្រគេនបច្ច័យព្រះសង្ឃ២៧អង្គ នូវទេយ្យទាន និងថវិកា ៦ម៉ឺនរៀល ក្នុងមួយអង្គៗ ជូនដល់ចាស់ព្រឹទ្ធាចា រ្យនិងពុទ្ធបរិស័ទម្នាក់ៗ ២ម៉ឺនរៀល និងសៀវភៅធម្មទានមួយក្បាលទៀតផង។

ជាមួយដំណើរអញ្ជើញចូលរួមបុណ្យនៅស្រុកមោងឫស្សីនេះ លោក ហាស់ វ៉ារី ព្រមទាំងសហការី ក៏បាននាំថវិកា ៦លានរៀលផ្សេងទៀត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបច្ច័យ២លានរៀលទៀត របស់មហាឧបាសិកា តាំង ស៊ូអេង ទៅកាន់វត្តប្រាសាទកណ្តាលខ្ចាក់ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរួមវិភាគទានស្ថាបនាព្រះពុទ្ធបដិមា កម្ពស់៨០ម៉ែត្រ នៅទីអារាមវត្តប្រាសាទកណ្តាលខ្ចាក់ ព្រមទាំង បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ១៩០អង្គ ដែល និមន្តចូលរួមក្នុងពិធីបុណ្យផងដែរ៕