សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហុងគ្រី មកកាន់កម្ពុជា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសតាមបណ្តាញសង្គម Facebook ដោយស្វាគមន៍ដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា មកកាន់ប្រទេសកម្ពុជា។

ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា, នៅព្រឹកមិញនេះ លោកប្រធានាធិបតី និងភរិយា បានចូលគាល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ព្រមទាំងបានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យផងដែរ។

តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

លោកប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។

ក្រសួងការបរទេស បានបញ្ជាក់ថា៖ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕