អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការផ្លាស់ប្តូររដ្ឋអំណាចស្របច្បាប់ក្នុងឆ្នាំ២០១៩នេះ គឺជាការធ្វើរដ្ឋប្រហារផ្តួលរំលំព្រោះមិនមែនជាឆ្នាំបោះឆ្នោតទេ


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការផ្លាស់ប្តូររដ្ឋអំណាចស្របច្បាប់ ក្នុងឆ្នាំ២០១៩នេះ គឺជាការធ្វើរដ្ឋប្រហារផ្តួលរំលំព្រោះមិនមែនជាឆ្នាំបោះឆ្នោតទេ។

ឯកឧត្តមអះអាងថា៖ «ដោយយោងតាមស្មារតីរដ្ឋធម្មនុញ្ញការបោះឆ្នោតត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង កម្ពុជាបានរៀបចំការបោះឆ្នោត នីតិកាលទី៦ នៅឆ្នាំ២០១៨ រួចហើយ ដែលជាលទ្ធផលការសម្តែងឆន្ទៈរបស់អ្នកបោះឆ្នោតជាង ៨៣% នៃអង្គបោះឆ្នោតសរុប! ហេតុនេះនៅឆ្នាំ២០១៩ កម្ពុជាពុំមានការបោះឆ្នោត ដើម្បីផ្លាស់ប្តូរអ្នកដឹកនាំនោះទេ! រាល់ការផ្លាស់ប្តូរអំណាចក្រៅពីទម្រង់នៃការបោះឆ្នោត គឺជាទង្វើរខុសច្បាប់ទាំងអស់!

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា៖ «ផែនការ និងសកម្មភាពដែលអ្នកបានធ្វើ និងកំពុងធ្វើ បានឆ្លងផុតពីអ្វីដែលគេហៅថាប្រជាធិបតេយ្យនោះហើយ គឺឈានចូលដល់អំពើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តែម្តង ដែលរដ្ឋអំណាចទោះនៅប្រទេសណាក៏ដោយ ត្រូវតែប្រកាន់យកវិធានការច្បាប់តឹងរឹងដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវសកម្មភាពឧក្រិដ្ឋនេះ ដើម្បីធានារក្សានូវស្ថិរភាពសន្តិសុខនៃរដ្ឋ»។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៊ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៊ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕