សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការអភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល


រាជធានីភ្នំពេញ៖ ក្នុងគោលដៅបង្កើនការអប់រំបែបឌីជីថល ដែលជាផ្នែកមួយនៃការត្រៀមខ្លួនឆ្ពោះទៅរកគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុន Facebook ដើម្បីរៀបចំសិក្ខាពិគ្រោះយោបល់ស្ដីពី “ការអភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល” ជាលើកដំបូង ដែលគោលនយោបាយនេះ គ្រោងនឹងបង្កើតឡើងដើម្បីផ្ដល់នូវទិសដៅយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានតាមផែនការការងារ និងធ្វើជាគោលការណ៍សម្រាប់ស្ថាប័នរដ្ឋ ព្រមទាំងដៃគូពាក់ព័ន្ធ ក្នុងការជំរុញអក្ខរកម្មឌីជីថល លើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព។

គោលនយោបាយអក្ខរកម្មឌីជីថល នឹងក្លាយជាផែនទីបង្ហាញផ្លូវមួយសម្រាប់ក្រសួងអនុវត្ត និងសម្រេចឲ្យបានក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ដើម្បីបង្កើតគោលនយោបាយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតក្រុមការងារដែលមានគោលដៅ៖
– ជួបជុំជាមួយស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធ្វើការណែនាំក្រុមការងារអភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Facebook
– ធ្វើបទបង្ហាញអំពីវិធីសាស្ត្រ និងផែនការការងារសម្រាប់ការអភិវឌ្ឍគោលនយោបាយអក្ខរកម្មឌីជីថល
– ពិភាក្សាពិគ្រោះយោបល់ និងប្រមូលនូវធាតុចូលសំខាន់នានាពីសំណាក់សិក្ខាកាមដែលចូលរួម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខានេះ ព្រមទាំងបានមានប្រសាសន៍ថា “ការអប់រំបែបឌីជីថល មិនមែនផ្ដោតតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែទាមទារជំនាញទន់ផ្សេងៗផងដែរ”។ ឯកឧត្ដមក៏មានប្រសាសន៍ថាផងដែរថា សិក្ខាសាលានេះ មិនត្រឹមតែដើម្បីផ្សព្វផ្សាយ ពីការចាប់ផ្ដើមធ្វើសេចក្ដីព្រាងប៉ុណ្ណោះទេ ថែមទាំងដើម្បីប្រមូលផ្ដុំមតិយោបល់ជាធាតុចូលពីសំណាក់អ្នកចូលរួមផងដែរ។

សូមជម្រាបថា កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ក្រុមហ៊ុនឯកជនជាដើម ដើម្បីពិភាក្សាផ្ដល់ធាតុចូល ដើម្បីធ្វើសេចក្តីព្រាងគោលនយោបាយអក្ខរកម្មឌីជីថលនៅកម្ពុជា៕

២៨ តុលា ២០១៩ | សណ្ឋាគារ Raffle Le Royal