មហាសន្និបាតសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន អាណត្តិទី៧ (ឆ្នាំ២០១៩-២០២២)


ថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកមហាសន្និបាតសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន អាណត្តិទី៧ (ឆ្នាំ២០១៩-២០២២) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង សមាជិកសមាជិកាសមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន ក្រោមឱវាទក្រសួងទូទាំងប្រទេស។

មហាសន្និបាតនេះពិភាក្សាលើសេចក្តីព្រាងនៃវិសោធនកម្មមាត្រាមួយចំនួននៃលក្ខន្តិកៈ និងបទបញ្ជារបស់សមាគម ក្នុងនោះរួមមាន៖ ការចូលជាសមាជិកភាពរបស់សមាគម ការបាត់បង់សមាជិកភាព និងការកែសម្រួលសមាសភាពគណៈកម្មាធិការកណ្តាលរបស់សមាគម ដើម្បីដាក់ជូនអង្គមហាសន្និបាត ធ្វើការពិនិត្យ ពិចារណា និងអនុវត្ត។

សមាគមនេះបង្កើតឡើងមានគោលបំណងដើម្បីទំនាក់ទំនង និងរិតចំណងមិត្តភាព សាមគ្គីភាព និងជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ផ្លូវចិត្ត និងសម្ភាររបស់សមាជិកសមាជិកា ជំរុញនិង ជួយបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាវិស័យសាធារណការ និងដឹកជញ្ជូនដើម្បីបង្កើនចំណេះដឹង និង រួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិឱ្យតែកាន់តែរឹងមាំ និងរីកចម្រើនឡើង។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់សមាគមដើម្បី លើកទឹកចិត្តអតីតមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចូលនិវត្តន៍ ក្នុងនោះរួមមាន៖ ការរៀបចំកម្មវិធីជួបជុំអតីតមន្ត្រីរាជការមួយឆ្នាំពីរដង និងការស្វែងរកថវិកាឧបត្ថម្ភបន្ថែមនៅពេលចូលនិវត្តន៍ដំបូង ដែលជាការជួយរិតចំណងទាក់ទង សាមគ្គីភាព និងបង្កើនភាពស្និទ្ធស្នាលជាមួយមន្ត្រីរាជការដែលកំពុងបម្រើការ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះថ្នាក់ដឹកនាំអង្គភាពសំខាន់ៗក្រោមឱវាទក្រសួង ដែលមិនត្រឹមតែជួយបំពេញភារកិច្ចក្នុងការដឹកនាំសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាថវិកា និងសម្ភារដើម្បីជួយដល់គ្រួសារសព ឬគូស្រករ ដែលទទួលមរណភាពផងដែរ។

សូមជម្រាបជូនផងដែរថា៖ នៅដើមអាណត្តិទី៦ សមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន មានសមាជិកសមាជិកាសរុបចំនួន៦៤៦២នាក់ ក្នុងនោះប្រុសមានចំនួន៥៥២៦ នាក់ និងស្រ្តីមានចំនួន៩៥៦នាក់៕