សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម


នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ​ ០៣កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម Phan Van Giang អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម។

ក្នុងជំនួបនេះ ឯកឧត្តម Phan Van Giang បានគោរពជម្រាបជូន​ សម្ដេចតេជោនាយករដ្ឋមន្ត្រីដោយបានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី​ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម​ ក៏បានរាយការណ៍ជូនសម្ដេចតេជោថា ឯកឧត្តមនឹងជួបពិភាក្សាការងារជាមួយនឹង​ ឯកឧត្តម វង្ស ពិសេន នៅថ្ងៃស្អែកនេះ ហើយក៏បានជម្រាបជូនសម្ដេចតេជោ ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរដូចជាលើការរៀបចំសមយុទ្ធពេលដែលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែ១២ខាងមុខ បញ្ហាសន្តិសុខ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន និងការស្វែងរកអដ្ឋិធាតុ រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានយោធាជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ហើយសម្ដេចក៏បានសំដែងអំណរគុណចំពោះរបាយការណ៍ដែលបានលើកឡើងក្នុងជំនួបនេះ។ សម្ដេចតេជោ​ ក៏បានសម្ដែងនូវក្តីរីករាយផងដែរ ដែលបានដឹងពីទំនាក់ទំនងរវាងវិស័យកងទ័ពនៃប្រទេសទាំងពីរនារយៈពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្នដែលទំនាក់ទំនងនេះបាននាំនូវផលប្រយោជន៍ជូនដល់ប្រជាជនដែលកំពុងរស់នៅតាមព្រំដែនផងដែរ។ ចំពោះការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយវិញនោះ សម្តេចតេជោបានមានប្រសាសន៍ថា នេះជាការអនុវត្តមួយដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។ ដូច្នេះការអនុវត្តសមយុទ្ធនេះ គឺកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដីវៀតណាម ហើយកងទ័ពវៀតណាមត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីជៀសវាងដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹងដោយទូលំទូលាយផងដែរ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឲ្យមានសកម្មភាពមនុស្សធម៌ក្នុងសមយុទ្ធនេះ គឺភាគីកម្ពុជាអាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយប្រជាជនវៀតណាម អាចចូលមកព្យាបាលនៅក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមនៅពេលដែលមានគ្រោះមហន្តរាយ ហើយក៏អាចជំរុញឱ្យមានកម្មវិធី​ កីឡា សិល្បៈ ផងដែរ។ សំខាន់ជាងនេះគឺធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈណាឲ្យប្រជាជននៃប្រទេសទាំងពីរអាចប្រកបអាជីវកម្មតាមព្រំដែនបានដោយងាយស្រួលផងដែរ៕