គណៈប្រតិភូសភាកម្ពុជាលើកឡើងពីបញ្ហាសន្តិភាព ស្រ្តី កុមារ និងបរិស្ថាន ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក


គណៈប្រតិសភាកម្ពុជាបានកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅក្នុងការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងប្រទេសហ្វីជី ដោយត្រូវចូលរួមកិច្ចប្រជុំគណៈកម្មការនានានៃវេទិកាអន្តរសភាមួយនេះ ព្រមទំាងបានចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាមួយនេះ និងបានលើកឡើងពីតម្លៃសន្តិភាព បញ្ហាស្រ្តី កុមារ និងបរិស្ថាន ដល់វេទិកាសភាធំនេះផងដែរ។

​កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ​​ក្រោមប្រធានបទ “ភាព​ជា​ដៃ​​គូសភា​សម្រាប់សន្តិភាព និងសន្តិសុខ : គោលដៅអភិវឌ្ឍន៍ ​ប្រ​កប​​ដោ​យ​ចីរ​ភាព ២០១៦ ”បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារInternational Fiji Gold Resort and spa ទីក្រុងNadi នៃសាធារណរដ្ឋហ្វីជី ក្រោមអធិបតីភាព ឯកឧត្តម Jiko Fatafehi laveni ប្រធានសភាFiji និងជាប្រធានAPPF និងឯកឧត្តម Takuji Yanagimoto សមាជិកសភាជប៉ុន ឯកឧត្តម Jovia.Voreqe Bainimarana នាយករដ្ឋមន្ត្រីសាធារណរដ្ឋហ្វីជី ហើយគណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន ក៏បានចូលរួមនៅក្នុងពិធីបើកកិច្ចប្រជុំនេះផងដែរ។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់ជំហរលើកកម្ពស់ការផ្សះផ្សាជាតិ ដើម្បីឈានទៅរកសន្តិភាពពិតប្រាកដ ជៀសឲ្យផុតនូវអំពើហិង្សា និងការប្រឈមមុខដាក់គ្នាដោយអាវុធ ។ “យើងសង្ឃឹមថា សន្តិភាពនឹងកើតមានពិតប្រាកដនៅក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោកទាំងមូល តាមរយៈការជួបជុំគ្នារបស់យើងជា​បន្តបន្ទាប់”។

ចំណែក លោកជំទាវ បាន ស្រីមុំ សមាជិកគណៈប្រតិភូសភាកម្ពុជា បានមានប្រសាសន៍លើកឡើងថា ពិភពលោកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះស្ថានភាពដ៏គ្រោះថ្នាក់របស់ស្ត្រីរាប់លាននាក់ដែលស្ថិតនៅតំបន់មានសង្រ្គាម និងតំបន់មានជម្លោះនៅពាសពេញពិភពលោក ដែលស្រ្តីនិងកុមារត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ មានដូចជា ការសម្លាប់ ការរំលោភ និងការចាប់បង្ខាំង ដែលកើតមានស្ទើតែរាល់ថ្ងៃ។

លោកជំទាវ បានគូសបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដែលមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងគ្រប់សន្ធិសញ្ញា និងអនុសញ្ញាទាំងឡាយណាដែលទាក់ទងនឹងសិទ្ធិស្រ្តី និងសិទ្ធិកុមារ។ បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តសមភាពយេនឌ័រ ជាចំណុចអាទិភាពមួយក្នុងចំណោមចំណុចអាទិភាពជាច្រើន ដើម្បីជំរុញតម្លៃស្រ្តីនិងកុមារ នៅក្នុងសង្គមលើគ្រប់វិស័យ ទំាងនយោបាយនិងសេដ្ឋកិច្ច។