រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមឆ្លើយការពាររបាយការណ៍ជាតិលើកទី៦


កាលពីថ្ងៃអង្គារ៍ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមឆ្លើយការពាររបាយការណ៍ជាតិលើកទី៦ តាមកាលកំណត់របស់ប្រទេសកម្ពុជា លើការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រី្ត នៅក្នុងសម័យប្រជុំលើកទី៧៤របស់គណៈកម្មាធិការនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រី្ត(CEDAW) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងដើម្បី ផ្តល់លទ្ធភាពដល់រដ្ឋភាគី ក្នុងការបង្ហាញនូវវឌ្ឍនៈភាពនៃការអនុវត្តអនុសញ្ញាស៊ី-ដ និងបកស្រាយបំភ្លឺបំពេញបន្ថែមលើចំណុចកែលម្អ ដើម្បីធ្វើយ៉ាងណាឱ្យរបាយការណ៍ជាតិលើកទី៦នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយថែមទៀត។