អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាអំពី «សេចក្តីព្រាងគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី «សេចក្តីព្រាងគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ត្រូវបានទទួលស្គាល់ជាសកលថា ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពសង្គម និងផ្តល់ដំណោះស្រាយលើបញ្ហាបរិស្ថាន ដែលជាកត្តាមូលដ្ឋានគ្រឹះ សម្រាប់ការរស់រានរបស់មនុស្សជាតិ។ ការវិនិយោគលើ វ.ប.ន ជាពិសេស លើការស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) ដែលមានយុទ្ធសាស្ត្រ និងគោលនយោបាយត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងអាចជួយឱ្យសម្រេចបាននូវសេដ្ឋកិច្ចឌីជីថល និងការចូលរួមបដិវត្តន៍ឧស្សាហកម្មទី៤ ឈានដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

សេចក្តីព្រាងគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០, រៀបចំដោយក្រុមការងារនៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃក្រសួងផែនការ គឺជាសេចក្តីព្រាងដ៏មានសារៈសំខាន់ កំណត់យុទ្ធសាស្ត្រ និងវិធានការដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ សមស្របតាមបរិការណ៍ជាក់ស្តែងនៃប្រទេសជាតិ រួមមាន៖

* គោលបំណងទី ១៖ កសាង និងពង្រឹងធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ ក៏ដូចជាគុណភាព និងសមាសភាពដោយពិនិត្យពិចារណា ទៅលើកត្តាសមភាពយេនឌ័រ, ផ្តល់លទ្ធភាពឱ្យបំពេញភារកិច្ច និងមានការលើកទឹកចិត្តសមស្រប ដើម្បីឱ្យបានធនធានមនុស្សផ្នែក វ.ប.ន ជាតិ មានសមត្ថភាព។

* គោលបំណងទី ២៖ ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាពនិងភាពស័ក្កិសិទ្ធិ និងកសាងប្រព័ន្ធអេកូនវានុវត្តន៍ប្រកបដោយបរិយាប័ន្ន ដោយផ្តោតលើសមត្ថភាពធ្វើការ សម្របបច្ចេកវិទ្យាដែលបាននាំចូលទៅនឹងស្ថានភាពជាក់ស្តែងក្នុងស្រុក, លើកស្ទួយឧស្សាហកម្មជាអាទិភាពជាតិ ដើម្បីបម្រើឱ្យការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ ដើម្បីការអភិវឌ្ឍប្រសើរជាង, និង បង្កើនសមត្ថភាពស្រូបយកបច្ចេកវិទ្យាអន្តរជាតិ ដើម្បីជាកម្លាំងស្ទុះឱ្យផុតអំពីអន្ទាក់នៃភាពជាអ្នកមាន ចំណូលមធ្យមកម្រិតទាបទៅការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្រិតខ្ពស់ជាង ប្រកបដោយចីរភាព,

* គោលបំណងទី ៣៖ ពង្រឹងស្ថាប័ន យន្តការស្ថាប័ន និងក្របខ័ណ្ឌគតិយុត្តិ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រប្រព័ន្ធអេកូនវានុវត្តន៍ជាតិ ដើម្បីធ្វើជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យឯកជននិងរដ្ឋឱ្យបានប្រកបដោយជវភាព និងទីផ្សារប្រកបដោយសក្តានុពល ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបានល្អប្រសើរ។

* គោលបំណងទី ៤៖ បណ្តុះសង្គមឱ្យមានវប្បធម៌ វ.ប.ន ប្រកបដោយបរិយាប័ន្ន ដោយការកសាងទំនុកចិត្តសាធារណៈលើផលិតផល និងសេវាបច្ចេកវិទ្យាជាតិ និងការពេញចិត្តទៅលើលទ្ធផលនៃការខិតខំ និងការវិនិយោគលើការអភិវឌ្ឍ វ.ប.ន របស់ខ្លួន ក៏ដូចជាទៅលើការកែទម្រង់អភិបាលកិច្ចផ្នែក វ.ប.ន ។

អង្គប្រជុំបានគាំទ្រចំពោះសេចក្តីព្រាងគោលនយោបាយនេះ និងក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាលចាំបាច់ត្រូវឈានមុខ ក្នុងការអភិវឌ្ឍ វ.ប.ន, អន្តរាគមន៍ដើម្បីឱ្យ វ.ប.ន ក្លាយជាជន្ទល់គន្លឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ជាពិសេស តាមរយៈ ការស្រូបយក (adopt), ការសម្របខ្លួន (adapt) និង ការធ្វើនវានុវត្តន៍បន្ថែម (innovate further) និង ការបង្កើតប្រព័ន្ធអេកូឡូស៊ី (eco-system)។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃក្រសួងផែនការ ដែលបានរៀបចំសេចក្តីព្រាងដ៏មានសារៈសំខាន់នេះ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងផ្តល់ជាធាតុចូលសម្រាប់កែលម្អឱ្យកាន់តែប្រសើរ និងគ្រប់ជ្រុងជ្រោយ៕