ឯកឧត្តមឈួរ ច័ន្ទឌឿនបានជម្រុញអោយអាជ្ញាធរសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាបជូនពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីបនាពេលខាងមុខ


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង បានជម្រុញអោយអាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ចសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅក្នុងឱកាសនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខនេះ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញបែបនេះនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី៣០ ខែតុលា ឆ្នំា២០១៩ នៅសាលប្រជុំខេត្តកំពង់ឆ្នាំងដោយការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ មេឃុំទាំង៧០ សរុបចំនួន១៦៧នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿនបានមានប្រសាសន៍បន្តថាៈ ការការពារសន្តិសុខសណ្តាប់ធ្នាប់របៀប
រៀបរយ ក្នុងឱកាសបុណ្យ ជាបញ្ហាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការទប់ស្កាត់ អោយបាននូវរាល់បទល្មើសនានាដូចជាបញ្ហក្មេងទំនើង លួច ឆក់ សណ្តាប់ធ្នាប់ ចរាចរណ៍ ជាពិសេសទប់ស្កាត់ពួកជនអគតិដែលបង្កបញ្ហាក្នុងមូលដ្ឋាន ដោយត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងឱកាសបុណ្យខាងមុខនេះអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែមានការរៀបចំអោយប្រជាពលរដ្ឋ លេងកំសាន្ត នៅតាមទីអារាម ទៅតាមទំនៀមទម្លាប់ប្រពៃណី នៃពិធីបុណ្យអកអំបុកសំពះព្រះខែនេះអោយបានល្អ ដោយបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ ។

ពាក់ព័ន្ធនិងកិច្ចការពាសន្តិសុខក្នុងឱកាសបុណ្យ
អុំទូក អកអំបុកសំពះព្រះខែនេះ លោកឧត្តមសេនីយទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ កម្លាំងនគរបាលគ្រប់មូលដ្ឋានបានត្រៀមរៀបចំជាស្រេច ក្នុងចេញល្បាតត្រួតពិនិត្យនៅតាមមូលដ្ឋានទីប្រជុំជន ពិសេសកន្លែងដែលងាយរងគ្រោះ និង ត្រៀមអន្តរាគមន៍
លើ២៤ម៉ោងសម្រាប់ជួយប្រជាពលរដ្ឋធ្វើយ៉ាងអោយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងទទួលបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយសុខសុវត្ថិភាពល្អ ។