ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ្រូ ស្ដីពី​ការ​អប់រំ​ស្ទែម


រាជធានី​ភ្នំពេញ៖ ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ្រូ ស្ដីពី​ការ​អប់រំ​ស្ទែម ត្រូវ​បាន​ដាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ដើម្បី​ផ្ដល់​​ឱកាស​​សិស្ស​អាច​សិក្សា​​តាម​របៀប STEM និង​រៀន​តាម​បណ្ដាញ​អ៊ីនធឺណិត ជាមួយ​គ្រូ​បង្រៀន​ល្បីៗ ក្នុង Smart phone ដែល​សិស្ស​អាច​សិក្សា​បាន​គ្រប់​ពេល គ្រប់​ទី​កន្លែង​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​សម្រេច​បាន​ធនធាន​មនុស្ស​មាន​ចំណេះ​ដឹង និង​មាន​ជំនាញ​ឆ្លើយ​តប​ទៅ​នឹង​មុខ​របរ​នា​សត​វត្សរ៍​ទិ​២១។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ គណៈ​គ្រប់គ្រង​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា សាលា​បង្រៀន​ជំនាន់​ថ្មី មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​កូរ៉េ ក្នុង​ការ​សម្រេច​ឱ្យ​លេច​ចេញ​ជា​មជ្ឈមណ្ឌល​មួយ​នេះ​ឡើង ដើម្បី​ឈាន​ទៅ​បង្កើត​ការ​អប់រំ​ STEM និង​បច្ចេកវិទ្យា ICT។

មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ្រូ ស្ដីពី​ការ​អប់រំ​ស្ទែម ជា​ផ្នែក​មួយ​នៃ​​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​វិធី​សាស្ត្រ​គ្រប់គ្រង វិធី​បង្រៀន ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​មាន​សមត្ថភាព​ខ្ពស់​ទាំង​ចំណេះ​ដឹង និង​ជំនាញ តាម​រយៈ​ការ​អប់រំ​សិស្ស​ឱ្យ​សិក្សា​ទាំង​ក្នុង​ថ្នាក់​ផង និង​រៀន​អនុវត្ត​ក្រៅ​សាលា​ផងដែរ៕

៣១ តុលា ២០១៩ | វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា