ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១នៅស្រុកខ្សាច់កណ្តាល


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី៣១ ខែតុលានេះ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១នៅស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត នៅក្នុងបរិវេណសាលាឃុំពុកប្ញស្សី។ សមាសភាពចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ថ្នាក់ខេត្ត ស្រុក ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក មេឃុំគ្រប់ឃុំ និងប្រជាពលរដ្ឋ សរុបវត្តមាន ៧៥០នាក់ ។
អង្គវេទិកាបានទទួលសំណូមពរ និងសំណើដោយផ្ទាល់មាត់ និងជាលាយល័ក្ខណ៍អក្សរ រួមមាន ៖ សុំជួយបំភ្លឺបញ្ហាប្លង់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើផ្លូវធំៗពេក នាំឲ្យប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋ, បញ្ហាដីប្រជាពលរដ្ឋត្រូវជាប់ក្នុងអនុក្រឹត្យ, ឃុំជ័យធំ ថាបានស្នើសុំផ្លូវបេតុង ៨៥០ម តាំងពីឆ្នាំ២០១៨ ក្នុងវេទិកាក្រុមប្រឹក្សាខេត្ត ហើយមិនទាន់បានដោះស្រាយ, មេឃុំបាក់ដាវ សុំផ្លូវក្រោយភូមិ ៦ ០៣០ម សម្រាប់សិស្សងាយធ្វើដំណើរ, សុំជួយអន្តរាគមន៍ពីកម្រៃសួយសារដែលមូលដ្ឋានឃុំកោះចូរ៉ាមត្រូវបានពីការបូមខ្សាច់, សុំមានវិធានការចំពោះបទល្មើសគ្រឿងញៀន, សុំអគារសាលាពុទ្ធិកបឋមសិក្សានៅវត្តពិជ័យរង្សី, សុំតំឡើងឋានៈប៉ុស្តិ៍សុខភាពឃុំស៊ីធរ ជាមណ្ឌលសុខភាព … ។
ជាការឆ្លើយតប ឯកឧត្តម ប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក បានបំភ្លឺពីគោលការណ៍របស់រដ្ឋ និងសភាពការណ៍ជាក់ស្តែងរបស់មូលដ្ឋាន ដោយស្នើសុំឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ អាជ្ញាធរមូលដ្ឋាននឹងពិភាក្សាសម្របសម្រួលជាមួយក្រុមបច្ចេកទេសជាថ្មីម្តងទៀត ។ ដោយឡែក ចំពោះសំណើសុំដែលមានគម្រោងថវិកាច្រើន គណៈអធិបតីទទួលយកទៅសិក្សា ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេច ក្នុងគម្រោងអាទិភាព ។ ឯសំណើមួយចំនួនទៀត ឯកឧត្តម បានប្រគល់ឲ្យអាជ្ញាធរស្រុក ឃុំ មានវិធានការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមស្រប ។