តុលាការឃុំខ្លួន សមាជិកក្រុមឧទ្ទាម២នាក់ទៀត នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការរដ្ឋប្រហារ


(មណ្ឌលគិរី)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទ២នាក់ ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាម អ្នកនាំពាក្យ នៃសាលាដំបូងខេត្តមណ្ឌលគិរី។

ជនត្រូវចោទទាំងពីរនេះ មានឈ្មោះ ឃុំ កាន ភេទប្រុស អាយុ៦០ឆ្នាំ ជាអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តមណ្ឌលគិរី និងឈ្មោះ ដួង សំអេត ហៅ ត ភេទប្រុស ៣១ឆ្នាំ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិខេត្តមណ្ឌលគិរី។

តាមការប្រកាសរបស់អ្នកនាំពាក្យ បានឱ្យដឹងថា ពួកគេទាំងពីរនាក់នេះ បានទទួលបញ្ជាពីឈ្មោះ សួន ចំរឹង ជាជំនួយការរបស់ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើសកម្មភាពកៀរគរ និងបំផុសបំផុលឱ្យមហាជនចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល « ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី។ ឈ្មោះ ឃុំ កាន ឈ្មោះ ដួង សំណេត ហៅ អេត និងសួន ចំរើន ព្រមទាំងគូកន បានកៀរគរ និងបំផុសបំផុលប្រជាពលរដ្ឋដោយចេតនា ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខនេះ ។

អ្នកនាំពាក្យ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ជូនថា ជនត្រូវចោទឈ្មោះ ឃុំ កាន និងឈ្មោះដួង សំណេត ហៅ អេត ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរី តាមដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្នលេខ ១១៩ និង១២០ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ មានសមាជិកក្រុមឧទ្ទាម សម រង្ស៉ី ចំនួន២២១នាក់ហើយ បានចូលសារភាពទទួលស្គាល់ទោសកំហុស និងបកអាក្រាតអំពីផែនការរដ្ឋប្រហារខុសច្បាប់របស់ទណ្ឌិត សម រង្ស៉ី ជូនដល់សមត្ថកិច្ច ខណៈដែលមានសមាជិកក្រុមនេះចំនួន៤៦នាក់ផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងទប់ស្កាត់តាមផ្លូវច្បាប់ទាន់ពេលវេលា។