ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ គម្រោងលើកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី២ ស្តីពីវឌ្ឍនភាពការងារ និងពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានសម្របសម្រួលគម្រោង និងជាប្រធានគណៈកម្មាធិការតម្រង់ទិសអនុវត្តគម្រោងលាភ ឯកឧត្តម ប្រាក់ សំអឿន នាយកគម្រោងលាភ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ហេង សុផាត ប្រធានគម្រោងថ្នាក់ជាតិ លោក លី សំរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកគម្រោងថ្នាក់ខេត្ត លោក ម៉ៅ មីនា ប្រធានគម្រោងលាភ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី លោក លោកស្រី ទីប្រឹក្សា ក្រុមការងារគម្រោងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ និងក្រុមការងារគម្រោងថ្នាក់ខេត្ត។
ក្នុងកិច្ចស្វាគមន៍នេះដែរ លោក លី សំរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកគម្រោងថ្នាក់ខេត្ត ក៏បានថ្លែងអំណគុណចំពោះវត្តមានឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ លោក លោកស្រី ទីប្រឹក្សា ក្រុមការងារសាលារាជធានី ក្រុមការងារគម្រោងទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានសហការគ្នាយ៉ាងល្អ ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស តាមរយៈក្រសួងមហាផ្ទៃ សម្រាប់ដំណើរការគម្រោងនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណក្រីក្រ ក្រ១ ក្រ២ និងជនងាយរងគ្រោះឲ្យមានជីវភាពល្អប្រសើរ។
បន្ទាប់ពីកិច្ចស្វាគមន៍រួចមក លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ ក៏បានធ្វើបទបង្ហាញ អំពីលទ្ធផលការងារ ដែលក្រុមការងារបានចុះពិនិត្យ និងបានសួរនាំសិក្ខាកាមនៅសាលាបច្ចេកវិទ្យា ក្រុមជួយខ្លួនឯង តាមឃុំ សង្កាត់ គោលដៅរបស់គម្រោង ព្រមទាំងបានពិនិត្យការកសាងលូជ្រុង ដែលអាចស្រោចស្រពស្រូវវស្សា និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋប្រមាណ ៧៥០ហិកតា។
ក្នុងនោះដែរ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានសម្របសម្រួលគម្រោង និងជាប្រធានគណៈកម្មាធិការតម្រង់ទិសអនុវត្តគម្រោងលាភ ក៏បានក្រើនរំលឹកដល់ការងារគម្រោងទាំងអស់ ពិនិត្យឡើងវិញនូវបញ្ហា និងសំណូមពរ ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ។ ម្យ៉ាងទៀត ស្នេីដល់ក្រុមការងារជំរុញដល់ការអនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធឱ្យបានទាន់ពេលវេលា ជៀសវាងដល់រដូវវស្សាពិបាកដល់ដំណេីរការសាងសង់៕