សមាគមន៍អតីតនិស្សិតឆាលស្ទឺតកម្ពុជានាំកូនឈើផ្កានិងសម្លៀកបំពាក់របាំនិងសម្ភារៈសិក្សាជូនដល់គរុសិស្សដល់វិទ្យាល័យចំនួន៤នៅក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា និង ក្រសួងអប់រំ យុវជននិងកីឡា ក្រោមកម្មវិធីស្រ្តីត្រចះត្រចង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់
រំយុវជន និងកីឡា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩
នេះ បាននាំយកសម្លៀកបំពាក់ ឈុតរបាំជូនពរ គ្រឿងសំអាង សម្ភារៈសិក្សា កូនឈើ និងដើមផ្កា ផ្តល់ជូនដល់សាលាគរុកោសល្យនិងវិក្រឹត្យការខេត្ត និងវិទ្យាល័យចំនួន០៤ក្នុងខេត្តកំពង់ឆ្នាំង ។

ក្នុងពិធីនោះមានការចូលរួម ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកស្រី ឡេង សុម៉ាលី តំណាងដ៍ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ស៊ន សុខណា ប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា និង លោកស្រី សា រ៉ា តំណាងសាកលវិទ្យាល័យឆាលស្ទឺតមកពីប្រទេសអូស្រ្តាលី ព្រមទាំងមានការចូលរួមពីនិស្សិត និង សប្បុរសជន លោកគ្រូ អ្នកគ្រូ គរុសិស្សនិង សិស្សានុសិស្សសរុប៣៥០នាក់ ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ថាៈក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី ប្រទេសជាតិយើងទទួលបាន សុខសន្តិភាពនៅទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំងបច្ចុប្បន្នទទួលបាននូវការអភិវឌ្ឍជាពិសេសវិស័យអប់រំ មានគ្រូល្អ សិស្សពូកែ សាលាល្អ ដែលទទួលបានចំណាត់ថ្នាក់ជាប្រចាំទាំងនៅថ្នាក់ជាតិនិងអន្តរជាតិ ដែលទាំងនេះ គឺជាការវិវត្តន៍ថ្មីមួយ នៃវិស័យអប់រំនៅខេត្តកំពង់ឆ្នាំង ដែលបានឆ្លើយតបទៅចក្ខុវិស័យរបស់ក្រសួងអប់រំយុវជន និង កីឡាឆ្លើយទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលជាមួយនិងការប្តេជ្ញាឲបានមុំទី១គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ។

លោកជំទាវបណ្ឌិត សឿ សុជាតា បានមានប្រសាសន៍ថាៈ ការលើកកម្ពស់គុណតម្លៃសិល្បៈជាតិ និង ការអប់រំដើម្បីការអភិវឌ្ឍសមត្ថភាពផ្នែកសិល្បៈនិងវប្បធម៌ក្នុងវិស័យអប់រំ ទុកអោយក្មេងជំនាន់ក្រោយបានយល់ដឹង និង ថែរក្សាវប្បធម៌ជាតិខ្មែរនាពេលអនាគត ។ ជាពិសេសការកសាងនិងអភិវឌ្ឍន៍ ធនធានមនុស្ស គឺពឹងអាស្រ័យលើមូលដ្ឋានចរិយាសម្បទាដែលគេចាប់ផ្តើមពីគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និង គ្រូបង្រៀន ។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តទៀតថាៈសូមមន្រ្តីអប់រំ គរុសិស្ស សិស្សានុ សិស្ស និង សហគមន៍មាតាបិតាគប្បីនាំគ្នាពង្រឹងការលើក
កម្ពស់ធនធានមនុស្សអោយ ក្លាយជាមូលធនមនុស្សប្រកបដោយប្រសិទ្ធភាព តាមរយ:ការអភិវឌ្ឍគុណវុឌ្ឍិ និងគុណតម្លៃខ្លួនយើង និង ប្រជាជាតិរបស់យើងប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត សឿ សុជាតា បានថ្លែងអំណរ

គុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអតីតនិស្សិតឆាលស្ទឺតកម្ពុជា តែងតែបានគៀងគរដល់សប្បុ
រសជន ជួយជ្រោម ជ្រែងនូវរាល់សកម្មភាពនៃកិច្ចការសង្គម មនុស្សធម៌ ពិសេសជួយគាំទ្រនូវធនធានថវិកា សម្ភារៈ និងកិច្ចការបរិស្ថាន ដល់វិស័យអប់រំនៅកម្ពុជា តាមសាលានានាដែលស្របទៅនឹងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។
នៅក្នុងឱកាសនោះ គណអធិបតីបានចែក ឈុតរបាំជូនពរ ចំនួន៥ឈុត សម្លៀកបំពាក់ណយ២០ឈុត គ្រឿងសំអាង១ឈុត តែខ្ញីទឺកឃ្មុំ១០០ប្រអប់ កាបូបចំនួន១០០ សម្ភារៈសិក្សា២៥០កញ្ចប់ និង ដើមឈើចំនួន៤០០ដើម ជូនដល់លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្សនិង តំណាងវិទ្យាល័យទាំង៤ ដែលបានចូលរួមនិងបានចូលរួមដាំដើមឈើអនុស្សាវរីយ៍ផងដែរ៕