រដ្ឋសភា បន្តសម័យប្រជុំពេញអង្គរ ដើម្បីអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម រួមទាំងសេចក្តីព្រាងច្បាប់៤ទៀត


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភាបានបន្តបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥។ សម័យប្រជុំលើកទី៣ នីតិកាលទី៦ បានធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិការរដ្ឋសភាចំនួន១១០រូប។

របៀបវារៈដែលត្រូវបានលើកមកពិភាក្សា និងអនុម័ត មានដូចតទៅ៖

១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី ២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។

៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕