ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិឱ្យមន្រ្តីវ័យក្មេង ដែលប្រឡងជាប់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភាសារអង់គ្លេសនៅប្រទេស New Zealand ជួបសម្តែងការគួរសម


រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិឱ្យមន្រ្តីវ័យក្មេង ដែលប្រឡងជាប់អាហារូបករណ៍​ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភាសារអង់គ្លេសនៅប្រទេស New Zealand ជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ និងចែករំលែកបទពិសោធន៍។ មន្ត្រីដែលប្រលងជាប់អាហារូបករណ៍ មានចំនួនសរុប​ ១៣ រូប មកពី :
១. ក្រសួងបរិស្ថានចំនួន​ ៥ រូប។​
២. ក្រសួងធនធានទឹក និងឧតុនិមយ ចំនួន​ ៣​ រូប។
៣. ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៣ រូប។
៤. មន្រ្តីសាលាខេត្តពោធិ៍សាត់​ចំនួន ១ រូប ។
៥. មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ចំនួន ១ រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្អូនៗ​ ដែលជាមន្ត្រីរាជការវ័យក្មេង មានសមត្ថភាពប្រលងជាប់ទទួលបានអាហារូបករណ៍នេះ។​ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការរីកចម្រើនឱ្យនៅស្ថិតស្ថេរ គង់វង្ស តរៀងទៅ មានតែការពង្រឹងសមត្ថភាពដល់យុវជនយើងឱ្យក្លាយជាមនុស្សដែលមានផលិតភាពខ្ពស់​ ក្នុងការប្រកួតប្រជែងជាមួយប្រទេសដ៏ទៃ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការទទួលបានជោគជ័យ និងបានប្រសិទ្ធពរជ័យជូនប្អូនៗទទួលបានជោគជ័យ មានសុវត្ថិភាព និងមានសុខភាពល្អ ដើម្បីចូលរួមកសាងសង្គមជាតិរបស់យើងឱ្យកាន់តែប្រសើរថែមទៀត