សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំអាស៊ានបូកបី ពង្រឹងកិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងធនធានធម្មជាតិ


(បាងកក, ថៃ)៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលជាកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ ជាមួយមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានយកឱកាសនេះស្នើទៅកាន់មេដឹកនាំអាស៊ានបូកបី ពង្រឹងកិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានខ្លាំងខ្លាថែមទៀត។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ចុងឆ្នាំ២០១៩នេះ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានធ្វើការពិនិត្យពិភាក្សាទៅលើរបៀបវារ:ដែលបានគ្រោងទុក។ មេដឹកនាំអាស៊ាន បានស្តាប់នូវរបាយការណ៍លើកឡើង ពីប្រមុខ ប្រមុខរដ្ឋាភិបាល នៃប្រទេសបូកបី ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការដាក់ ចេញ នូវផែនការយុទ្ធសាស្រ្តសម្រាប់បណ្តាឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី។

មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទិនវិស័យសុខាភិបាល បញ្ហាជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ទៅកាន់ប្រទេសបូកបីថា កម្ពុជាឥឡូវនេះ ជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់ កិច្ចចរចាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើពាណិជ្ជកម្មសេរីដ៏មានសារសំខាន់នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពសេដ្ឋកិច្ចពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើមេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ ជាពិសេសតាមរយៈការចែករំលែកបទពិសោធន៍ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍធនធានមនុស្ស ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។

ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី សម្រេចបានក្នុងរយ:ជាង២០ឆ្នាំកន្លងទៅ ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយប្រទេសបូកបី។ ក្នុងនោះកាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៣១,៦ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។

ក្នុងឆ្នាំដដែលនោះដែរ ទុនវិនិយោគផ្ទាល់ពីបរទេសហូរចូលប្រទេសបូកបី និងចូលអាស៊ាន ឡើងដល់ ២៩.៩ប៊ីលានដុល្លារ ស្មើនឹង ២១,៨ភាគរយ ទុនវិនិយោគផ្ទាល់ពីបរទេសរបស់អាស៊ាន។

មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានគូសបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងអស់ ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពីសារ:សំខាន់នៃវេទិកា ដែលដឹកនាំដោយអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ និង អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានកត់សម្គាល់របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២), អនុស្សារណៈលេខ១៦ នៃបណ្តាក្រុមអ្នកវិភាគអាស៊ីបូព៌ា និងរបាយការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ និងឯកសារគោលនយោបាយរបស់ការិយាល័យអាស៊ានបូកបី ស្តីពីការស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច៕