រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ស្នើអាមេរិកបង្កើនការវិនិយោគ ខណៈស្នើចិន ឱ្យបង្កើនការនាំចូលផលិតផលកសិផល


(បាងកក, ថៃ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានដាក់សំណើចំនួនពីរផ្សេងគ្នាទៅកាន់សហរដ្ឋអាមេរិក និងចិន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។ សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន ស័រស័ក្តិ ទៅកាន់អាមេរិក គឺឱ្យបង្កើនការវិនិយោគនៅកម្ពុជា ដោយជំរុញអ្នកវិនិយោគអាមេរិកមកសិក្សាលទ្ធភាពវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។ សម្រាប់សំណើទៅកាន់ចិនវិញ គឺជួយនាំចូលផលិតផលកសិផលរបស់កម្ពុជាឱ្យបានច្រើនថែមទៀតទៅកាន់ទីផ្សារប្រទេសចិន។

សំណើរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារដាច់ដោយពីគ្នាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ផាតទ្រីក មូហ្វី (Patrick Murphy) និង លោក Wang Shouwen អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន ក្នុងទីក្រុងបាងកក ប្រទេសថៃ ទីដែលកំពុងមមាញឹកជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើន។

យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជំនួបពិភាក្សាការងារវាងលោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជំនួបនេះ បានពិភាក្សាលើការងារជាច្រើនក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានស្នើភាគីចិនពិនិត្យលទ្ធភាពនាំចូលបន្ថែមទៀតលើកសិផលកម្ពុជា ដូចជា អង្ករ ស្វាយ ចេក មៀន ដំឡូងមី និងផលិតផលកសិកម្មសំខាន់ៗមួយចំនួនទៀត។ ជាការឆ្លើយតបភាគីចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន និងបានប្តេជ្ញាបន្តជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្រាប់ជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក ផាតទ្រី មូហ្វី ធ្វើនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានស្នើឯកអគ្គរដ្ឋទូតអាមេរិកជំរុញឱ្យវិស័យធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ៣,៤៣៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣,០៥១ លានដុល្លារ ខណៈកម្ពុជាចូលមកវិញមានចំនួន ៣៨៧លានដុល្លារអាមេរិក៕