ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែង នូវការកោតសរសើរដល់ ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរចាស់ត្រូវចូលនិវត្តន៍ដែលបានខិតខំបំពេញតាមតួនាទីនិងភារកិច្ចធ្វើអោយវិស័យសាធារណ ការនៅខេត្តកំពង់ឆ្នាំងមានការរីកចំរើន


កំពង់ឆ្នាំងៈ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ ក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមឯកឧត្ដម ឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ឈួរ ច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន២៥១នាក់។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនូវការកោតសរសើរ បន្តថាៈឯកឧត្តម កែវ ពៅ ប្រធាន
មន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើន ព្រមទាំងបានរឹតចំណងសាមគ្គីភាពដ៏ជិតស្និត រវាងមន្ត្រី និង ថ្នាក់ដឹកនាំ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសកិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់គុណភាពសេវាសាធា
រណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើ ដល់លោក ឆាយ លាភា ដែលជាប្រធានមន្ទីរថ្មីឱ្យខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយ កម្លាំង
ចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរសាធារណ
ការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនទាំងវិស័យសាធារណការ និងវិស័យដឹកជញ្ជូន ព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្តឱ្យបានដាច់ខាតនូវគោលការណ៍ទាំង១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានផ្ដល់មួកសុវត្ថិភាពចំនួន ១០០មួក និងណែនាំដល់ប្រធានមន្ទីរថ្មីឱ្យកៀរគររកមួកសុវត្ថិភាពបន្ថែមទៀត តាមរយៈការជំរុញការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅអត្រាទាបបំផុត។

លោកប្រធានមន្ទីរថ្មី បានប្ដេជ្ញាថាៈនិងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈក្នុងខេត្តនេះឱ្យរីកចម្រើនថែមទៀត ដោយប្រើឱ្យអស់ពីកម្លាំងកាយ ចិត្ត និងពេលវេលា ប្រើគ្រប់មធ្យោបាយ និងនីតិវិធី បន្តកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តយ៉ាងស្អិតរមួត ក្នុងគោលបំណងតែមួយគត់គឺការអភិវឌ្ឍ ត្រងត្រាប់និងអនុវត្តនូវរាល់ភារកិច្ចដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងដាក់ជូន អនុវត្តនូវរាល់បទបញ្ញត្តិដែលក្រសួងដាក់ជូន ជាពិសេសគោលការណ៍ទាំង១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕