មន្ត្រីជាន់ខ្ពស់ UN៖ កោតស្ងប់ស្ងែងភាពក្លាហានរបស់យុទ្ធនារីខ្មែរ ចំពោះការតាំងចិត្ត ជាស្នូលនៃការបង្កើតសន្តិភាព និងសន្តិសុខ របស់ពិភពលោក


លោក Nick Baresford នាយកប្រចាំប្រទេសនៃ UNDP ប្រចាំកម្ពុជា បានបង្ហាញភាពកោតស្ងប់ស្ងែង ចំពោះភាពក្លាហាន របស់យុទ្ធនារីខ្មែរ ក្នុងការតាំងចិត្តជាស្នូល នៃការបង្កើតសន្តិភាព និងសន្តិសុខ របស់ពិភពលោក ជាពិសេសការចូលរួមពលីកម្មគ្រប់បែបយ៉ាង ដើម្បីកិច្ចការមនុស្សធម៌នៅក្នុងប្រទេសដែលកំពុងតែហួងហែងដោយសារតែភ្លើងសង្គ្រាមស៊ីវិល នៅតំបន់មជ្ឈឹមបូព៌ា។

ការបង្ហាញពីភាពកោតស្ងប់ស្ងែងដល់វីរៈនារីកងទ័ពកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាតំណាងលោកស្រី Paulien Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងពិធីទទួលដំណើរនិវត្តន៍កងវិស្វកម្ម លេខ៥៩៤ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក Nick Baresford បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់ភាពក្លាហានរបស់យុទ្ធនារីចំពោះការតាំងចិត្ត និងសេវាកកម្ម សម្រាប់ប្រទេសរបស់ខ្លួន យើងត្រូវការឱ្យមាននារីកាន់តែច្រើនដើម្បីជាស្នូលនៃការបង្កើតសន្តិភាព និងសន្តិសុខ»។

បានបន្តថា ការតាំងចិត្តរបស់នាយទាហានទាំងបុរស និងស្ត្រីកម្ពុជា បានជួយដល់ប្រជាជនជាច្រើនរូប ហើយជំនាញដែលនាយទាហាន មួកខៀវកម្ពុជា បានចែករំលែកដល់ប្រទេសដែលកំពុងតែហួងហែងដោយសារតែភ្លើងសង្គ្រាម គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងជាប្រភព នៃក្តីសង្ឃឹម និងការលើកទឹកចិត្ត ដល់មនុស្សជាតិជាច្រើនរូប។

លោក Nick Baresford បានបន្ថែមយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវបានលើកទឹកចិត្តក្នុងការនាំមកនូវសន្តិភាព ដល់បណ្តាប្រទេសដែលរងដោយជម្លោះ។ សន្តិភាពដែលយើងពុះពារ គឺពិតជាបាននាំមកនូវលទ្ធផលផ្នែកសេដ្ឋកិច្ច និងសង្គមដ៏ប្រសើរ សម្រាប់គ្រប់ៗគ្នា។ ការកាត់បន្ថយភាពមិនស្មើគ្នា ការសម្រេចបាននូវការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ឬការការពារបរិស្ថានរបស់យើង គឺមិនអាចសម្រេចបាន ប្រសិនបើគ្មានសន្តិភាព យុត្តិធម៌ និងស្ថាប័នដ៏រឹងមាំមួយ»

តាមរយៈការបញ្ជូនកងកម្លាំងមួកខៀវយ៉ាងច្រើនរបស់កម្ពុជា ដើម្បីបុព្វហេតុមនុស្សជាតិជុំវិញពិភពលោកនេះ ក្នុងនាមអង្គការសហប្រជាជាតិ សូមសំដែងនូវការដឹងគុណចំពោះអស់លោក រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយដល់ការបង្កើតសន្តិភាពជាក់ស្តែង ក្នុងទឹកដីបរទេស។ លោកពិតជាការរំភើប ដែលប្រទេសកម្ពុជាបានលើកតម្កើនការបង្កើតសន្តិភាព ជាអទិភាពសម្រាប់ធ្វើការបរិច្ចាគជាពហុទ្វេរភាគី។

សម្រាប់អង្គការសហប្រជាជាតិ ការបង្កើតសន្តិភាពគឺជា «គោលដៅនិងដំណើរការ ដើម្បីកសាងចក្ខុវិស័យរួមរបស់សង្គមមួយ ដោយធានាថា តម្រូវការរបស់ប្រជាជនគ្រប់រូបត្រូវបានរិះគិតពិចារណា ដែលលើសពីការទប់ស្កាត់ការរាលដាល ការកើនឡើង និងការបន្តកើតឡើងវិញនូវជម្លោះ ការដោះស្រាយចំពោះឫសគុលនៃប្រភពជម្លោះ ការជួយដល់គូបដិបក្ខនៃជម្លោះ ដើម្បីបញ្ចប់អំពើហឹង្សា ដើម្បីនាំមកនូវការផ្សះផ្សារជាតិ និងដំណើរឆ្ពោះទៅរកការស្តារឡើងវិញ ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍន៍»

លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់ជាប្រទេសដែលទទួលការជួយគាំទ្រពីអង្គការសហប្រជាជាតិ និងកម្លាំងរក្សាសន្តិភាព តាមរយៈបេសកកម្ម UNTAC ហើយបានក្លាយជាប្រទេសបរិច្ចាគមួយក្នុងចំណោមប្រទេសនាំមុខក្នុងសហគមន៍អាស៊ាន ដែលបរិច្ចាគកម្លាំងច្រើនជាងគេ។ នេះគឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់មួយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ក៏បានទទួលស្គាល់នូវចំណុចនេះផងដែរដោយលោកបានលើកឡើងថា «ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃពហុភាគីនិយមនៅក្នុងការធ្វើសកម្មភាព»។

កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦៥៥៦នាក់ ដែលក្នុងនោះមាននារី ចំនួន៣៣៨នាក់ ទៅកាន់បេសកកម្មគិតចាប់ពីឆ្នាំ២០០៦មកម៉្លេះ។ កម្ពុជាបន្តស្ថិតក្នុងប្រទេសមួយក្នុងចំណោមសហគមន៍អាស៊ានដែលបរិច្ចាគកម្លាំងច្រើនជាងគេ ហើយបច្ចុប្បន្នមានកម្លាំងចំនួន ៧៨៨នាក់ ក្នុងងនោះមាននារីចំនួន៦៥នាក់ កំពុងមានវត្តមានក្នុងបណ្តាប្រទេសនានាក្នុងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។ នេះជាឆ្នាំទី៦ ហើយដែលកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានចូលរួមក្នុង បេសកកម្ម MINUSCA ហើយកងកម្លាំងសរុបចំនួន ១២៥២ នាក់ក្នុងនោះស្ត្រី៥៣នាក់ បានចូលរួមបេសកកម្មនេះ៕