កិច្ចប្រជុំត្រួតពិនិត្យពន្លឿនការសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ


ព្រះសីហនុ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ដោយមានការចូលរួមពីមន្ត្រីនគរបាល កងរាជ អាវុធហត្ថ អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអង្គភាពវិស្វកម្ម ចំនួន ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដើម្បីឱ្យដំណើរការសាងសង់ស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដំណើរការបានរលូន ម្យ៉ាងទៀតត្រៀមរៀបចំដំណើរត្រួតពិនិត្យរបស់ឯកឧត្តមឧបនាយករដ្ខមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់៦ ខែវិច្ឆិកា នៅលើដងផ្លូវទាំង ៣៤ខ្សែ ដែលត្រូវបើកការដ្ឋា ន សាងសង់នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងបញ្ហាប្រឈមនានាក្នុងការដ្ឋានសាងសង់របស់ខ្លួន ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើការផ្តល់មតិយោបល់ និងដោះស្រាយចំពោះមុខបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឱ្យការស្ថាបនាផ្លូវរបស់យើងមានភាពយឺតយ៉ាវ។ ដូច្នេះយើងត្រូវរួមគ្នាស្ថាបនាផ្លូវទាំង ៣៤ខ្សែ ប្រកបដោយតម្លាភាព និងមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង។ ទន្ទឹមនោះការដ្ឋានត្រូវដាក់ស្លាកសញ្ញាបញ្ចៀសចរាចរណ៍ និងស្លាកសញ្ញាការដ្ឋាននៅតាមការដ្ឋានរៀងៗខ្លួន តាមបទដ្ឋានបច្ចេកទេស ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាតំបន់ទេសចរ ណ៍ ប្រកបដោយភាពទាក់ទាញ សោភណភាព បរិស្ថានល្អ នាពេលខាងមុខ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងអង្គភាពដែលត្រូវចូលមកសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ ទាំង ៣៤ខ្សែ មាន ៨ក្រុមហ៊ុន-អង្គភាព ក្នុងនោះមានដូចជា៖ ១-ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ត្រាក់សិន & ឌីវេឡុបមេន, ២-កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប, ៣-ក្រុមហ៊ុន ហេង សម្បត្តិ, ៤-កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់, ៥- ក្រុមហ៊ុន SCE, ៦-ក្រុមហ៊ុន VT Engineering & Construction, ៧-ក្រុមហ៊ុន សាជីវកម្ម ពិស្ណុការ អន្តរជាតិ, ៨- ក្រុមហ៊ុន K.B.H Construction Co, Ltd ៕