ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការីចូលជួបក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យកសិកម្ម។

នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រីដែលត្រូវបានធនាគារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មី ហើយលោកសង្ឃឹម និងជឿជាក់ថា តាមរយៈលោកស្រី ធនាគារពិភពលោកនឹងបន្តផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាពជាប្រយោជន៍ដល់កម្ពុជា សេដ្ឋកិច្ចជាតិ ប្រជាជន និងប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលធនាគារពិភពលោកបានផ្តល់កន្លងមកនេះ តាមរយៈគម្រោងឧបត្ថម្ភគាំទ្រ ដូចជាគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) គម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងថ្មីៗនេះបានអនុម័តជាផ្លូវការនូវគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលគម្រោងនេះ មានរយៈពេលអនុវត្ត ៦ឆ្នាំ (២០១៩-២០២៥) និងទឹកប្រាក់ឧបត្ថម្ភសរុបជាង ១០១លានដុល្លារផងដែរ។ គម្រោងទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូលបញ្ជាក់ថា គឺពិតជាសំខាន់ និងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ការបង្កើតការងារនៅតាមមូលដ្ឋាន លើកស្ទួយកម្រិតជីវភាពគ្រួសាររបស់ប្រជាកសិករ កាត់បន្ថយការធ្វើចំណាក់ស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ ជាពិសេសឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ និង២០៥០។

ឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់ទាំងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយចីរភាព ប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន្ន។ ទៀតសោត អង្គភាពក្រោមឱវាទក្រសួងក៏បានធ្វើបច្ចុប្បន្នភាពផងដែរ ដោយបញ្ចូលសូចនាករអាទិភាពមួយចំនួនដូចជាការបង្កើនផលិតកម្មកសិកម្ម និងការដាំដុះក្នុងផ្ទះសំណាញ់ ការលើកកម្ពស់ផលិតកម្មសត្វពោលគឺការចិញ្ចឹមមាន់ និងការបង្កាត់គោពូជសប្បនិមិត្ត ការជំរុញវារីវប្បកម្ម បែបទំនើបប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ ពិសេសការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយលោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលក្រសួង និងមន្ត្រីជំនាញបានផ្តល់មកធនាគារពិភពលោក ដើម្បីរួមគ្នាអនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាស្តែង លោកស្រីបានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពក្នុងការអនុវត្តគម្រោងនានានៅតាមខេត្តគោលដៅមួយចំនួន ដោយលោកស្រីបានបញ្ជាក់ថា គឺពិតជាមានការរីកចម្រើនជាខ្លាំងទាំងកម្រិតជីវភាព ការរស់នៅ សមត្ថភាព និងបច្ចេកទេសនៃការធ្វើកសិកម្មជាអាជីពរបស់សម្បទានិក ពោលគឺពីគ្រួសារក្រីក្រគ្មានទីពឹង មកជាកសិករដែលមានប្រាក់ចំណូលជាប្រចាំតាមរយៈធ្វើកសិកម្មចម្រុះ មានទាំងចំការបន្លែ ដំណាំ ចិញ្ចឹមមាន់ និងត្រី។ លោកស្រីសង្ឃឹមថា បទពិសោធន៍ និងការយល់ដឹងរបស់លោកស្រី និងក្រុមការងារនៃធនាគារពិភពលោកនឹងអាចយកមកអនុវត្តជាប្រយោជន៍ដល់ប្រជាកសិករ ហើយធនាគារពិភពលោក រីករាយនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់រីកចម្រើនថែមទៀត។