រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩


កំពង់ឆ្នាំងៈ នៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមីទ្ទិញ ដើម្បីរំលឹកខួបលើកទី៦៦ថ្ងៃបុណ្យឯករាជជាតិ ថ្ងៃ៩ វិច្ឆិកា ១៩៥៣ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩។

ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្សនិង ប្រជាពលរដ្ឋសរុប៣ ៤២៩ អង្គ/នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសន្ទរកថាស្តីពីព្រះរាជប្រវត្តិសង្ខេប ព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៩ នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទា ឯករាជ្យជាតិ អោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាស ឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕