អតីតសមាជិក CNRP ៧នាក់ នៅខណ្ឌជ្រោយចង្វា ភ្ញាក់រលឹក ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ)៖ អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៧នាក់ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់កុំចាញ់បោកទណ្ឌិត សម រង្ស៉ី តទៅទៀត។

បន្ទាប់ពីប្រកាសចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានឯកឧត្តម ឡោក ឆាយ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌជ្រោយចង្វា និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមព្រឹក្សា ខណ្ឌជ្រោយចង្វា ធ្វើពិធីទទួលស្គាល់ ដើម្បីបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វា។

អតីតថ្នាក់ដឹកនាំមូលដ្ឋានទាំងនេះ បានអំពាវនាវឱ្យសហការី ដែលបានចូលរួមចលនាសង្គ្រោះជាតិខុសច្បាប់ ប្រញ៉ាប់ចេញមុខសារភាព ដោយមិនត្រូវចាញ់បោកជនក្បត់ជាតិ ទណ្ឌិត សម រង្សី តទៅទៀតឡើយ។ ពួកគេបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកស្រឡាញ់ប្រជាជន និងប្រទេសជាតិពិតៗ។

អតីតមន្ត្រីមូលដ្ឋាន និងសកម្មជន ប្រចាំខណ្ឌជ្រោយចង្វា របស់អតីតគណបក្សសង្គ្រោះជាតិទាំង ៧រូប រួមមាន៖

ទី១៖ លោក កែវ កុសល
ទី២៖ លោក ដួង វណ្ណា
ទី៣៖ លោក មៀន សុខណា
ទី៤៖ លោក ឈឿន ម៉ុល
ទី៥៖ លោក ខៀវ ហឿន
ទី៦៖ លោក ប៉ូ សំអាត
និងទី៧៖ លោក ជា ខុម

ពួកគេបញ្ជាក់ថា ការចាកចេញនេះ ដោយឃើញសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រមាថធ្ងន់ៗ លើអង្គព្រះមហាក្សត្រ ដែលពលរដ្ឋខ្មែរទាំងមូល មិនអាចទទួលយកបានជាដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច អំពីផែនការក្បត់ជាតិរបស់ លោក សម រង្ស៉ី។ ជាមួយគ្នានេះ ក៏មានសមាជិកក្រុមសម រង្ស៉ី មិនតិចជាង៤០នាក់ផងដែរ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕