(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង និងលោកស្រី និងឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីចំណុះទូក ថ្នាក់រាជធានីភ្នំពេញ នៅបរិវេណវត្តភ្នំ ដែលបងប្អូននឹងត្រូវត្រៀមខ្លួន ចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃ គឺថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខព្រះបរមរាជវាំង។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រាជធានីភ្នំពេញ មានទូកចូលរួមប្រណាំងចំនួន៥៥ទូក មានចំណុះទូកចំនួន៣,៧១៦នាក់ និងមានកីឡាបំរុងចំនួន៦១០នាក់។
ឯកឧត្តម ឃួង ស្រេង បានថ្លែងលើកទឹកចិត្ត ដល់បងប្អូនកីឡាករ កីឡាការនី ដែលជាចំណុះទូកអុំ ទូកចែវទាំងអស់ ឲ្យខិតខំប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ដើម្បីដណ្តើម យកជ័យជំនះ និងនាំកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងជូនរាជធានីភ្នំពេញ។ ជាមួយគ្នានេះ បងប្អូនត្រូវរក្សាសុខភាព ការហូបចុក ការសំរាកយកកម្លាំងឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមប្រកួត ឲ្យអស់សមត្ថភាព។
ឯកឧត្តមអភិបាលបន្តថា ចិត្តជាកីឡាទោះចាញ់ ឬឈ្នះជារឿងធម្មតា យើងប្រកួតដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិ និងដើម្បីសុខភាព។ ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, ពិធីអកអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជាចំបង លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងកំរិតខ្ពស់បំផុត ជាពិសេសប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ង ធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ក៏ដូចជាមានបំណងបំផ្លាញសន្តិភាព និងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ របស់ពួកឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី។
ឯកឧត្តមថា ដូច្នេះទេ សូមបងប្អូនដើរឲ្យឆ្ងាយ កុំទៅចូលរួមទទួលសជនក្បត់ជាតិ សម រង្ស៉ី បើចូលរួមបងប្អូនមានទោស។ ជាងនេះទៅទៀត សូមបងប្អូនការពារខ្លួនឲ្យបានល្អ ពិសេសការឆ្លងរីករាលដាល នៃជំងឺអេដស៏ ស្របពេលអត្រានៃជំងឺអេដស៍ ហាក់មានការកើនឡើងបន្តិចនៅឆ្នាំនេះ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានខិតខំប្រឹងប្រែងកែលំអរសោភណ្ឌភាព រាជធានីភ្នំពេញ ឲ្យសក្ត័សមទៅនឹងមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា និងទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកំសាន្តនៅរាជធានីភ្នំពេញ កាន់តែច្រើនឡើង។ អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួក និងអាវយឺតដល់ចំណុះទូករាជធានីភ្នំពេញ ទាំងជាង៣,០០០នាក់ រួមនឹងថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់បងប្អូន សំរាប់ការត្រៀមប្រកួត នាពេលខាងមុខនេះដែរ។
ដោយឡែកនៅរសៀលថ្ងៃទី៨ វិច្ឆិកាដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការប្រណាំងទូកសាកល្បងសមកម្លាំង នៅតាមដងទន្លេសាបចំណុចមុខវត្តឧណ្ណាឡោម។ ទិដ្ឋភាពនៃការប្រារព្ធបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយមោទនៈភាពជាតិ ក្តីសប្បាយរីករាយរបស់ ប្រជាពលរដ្ឋ បានបង្ហាញឲ្យឃើញ ពីការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ក្នុងដំណាក់កាលនេះដែរ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង និងសេចក្តីអំពាវនាវជាបន្ត បន្ទាប់សំដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យ និងបានអំពាវនាវ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងលើកកំពស់សោភណ្ឌភាព និងបរិស្ថានទីក្រុង ប្រកបដោយស្មារតីទទួលខុសត្រូវ និងជូនដំណឹងពីការបញ្ជៀសចរាចរ តាមតម្រាយផ្លូវមួយចំនួន តាមច្រកចេញចូលរាជធានីភ្នំពេញ ក៏ដូចជាការអំពាវនាវ សុំឲ្យមានការចូលរួម បរិច្ចាកធនធានជាថវិកា ឬសម្ភារផ្សេងៗជួយដល់កីឡាករ-កីឡាការនី ចំណុះទូករាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត ដល់បងប្អូនផងដែរ៕