វិភាគ៖ ៩វិច្ឆិកា ប្រហារផែនការ ម្រាម៩ របស់ សម រង្ស៊ី


ថ្ងៃទី៩ វិច្ឆិកា អាចហៅថា ជាថ្ងៃប្រហារជីវិតនយោបាយរបស់លោក សម រង្ស៊ី ឲ្យចប់សព្វគ្រប់ជាស្ថាពរ។ យុទ្ធនាការម្រាម៩ ក៏ត្រូវផុតរលត់ត្រឹមនេះដែរ។ ពីពេលនេះទៅ ឆាកនយោបាយកម្ពុជា បានផាត់សម រង្ស៊ី ចេញពីបញ្ជីហើយ ដោយត្រូវបើកនូវទំព័រថ្មីវិញម្តង។ មិនត្រឹមតែត្រូវលុបឈ្មោះ លោក សម រង្ស៊ី ចេញពីឆាកនយោបាយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរបៀបធ្វើនយោបាយតាមបែបលោក សម រង្ស៊ី ក៏ត្រូវផ្លាស់ប្តូរដែរ ពីព្រោះវាហួសសម័យ និងអស់តម្លៃទៀតហើយ សម្រាប់សង្គមខ្មែរបច្ចុប្បន្ន។ ហេតុអ្វីបានជាយ៉ាងដូច្នេះ?

មានហេតុផលសត្យានុម័តសំខាន់ៗមួយចំនួន ដូចខាងក្រោមដែលអាចបញ្ជាក់បានថា ឆាកនយោបាយកម្ពុជា ចាំបាច់ត្រូវបិទទំព័រលោក សម រង្ស៊ី ចោលដោយជំនួសមកវិញនូវទំព័រថ្មី៖

ហេតុផលទី១៖ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ គឺជាបរាជ័យយ៉ាងអាម៉ាស់បំផុត របស់លោក សម រង្ស៊ី។ ថ្ងៃដែលលោក សម រង្ស៊ី ប្រកាសដោយមហាអំនួតបំផុតថា ចូលមក ដឹកនាំចលនាមហាជន និងកងកម្លាំងប្រដាប់អាវុធ តាមគំរូនៅប្រទេសហ្វីលីពីន ឆ្នាំ១៩៨៦ ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងចាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលលោក សម រង្ស៊ី បានប្រកាសរៀបចំបើកយុទ្ធនាការ ម្រាម៩ ជាច្រើនខែមកហើយនោះ ទីបំផុតគ្មានអ្វីកើតឡើងសូម្បីតែបន្តិច ពោល គឺផែនការដ៏មហាអស្ចារ្យរបស់លោក សម រង្ស៊ី ស្ងាត់ជ្រៀបដូចចោរលួចសេះ។ ច្រកនានាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសច្រកអន្តរជាតិប៉ោយប៉ែត មានសកម្មភាពស្ងាត់ជ្រងំ ដោយមិនបានឃើញមានសកម្មភាពណាមួយ របស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី នោះឡើយ។

រីឯលោក សម រង្ស៊ី និងគូកនវិញ ក៏មិនឃើញស្រមោលនោះដែរ ខណៈដែលកម្លាំងមហាជនដែលលោក សម រង្ស៊ី អះអាងថា មានរាប់ម៉ឺន រាប់សែន ឬរាប់លាននាក់ នោះក៏គ្មានឃើញដែរសូម្បីមួយក្រុមតូច។ នេះមានន័យថា កម្លាំងនយោបាយរបស់លោក សម រង្ស៊ី នៅសល់តែសម រង្ស៊ី ខ្លួនឯង ប្រពន្ធគាត់ និងមនុស្សមួយដំបរស្វា ដែលនៅក្បែរគាត់ដូចជា មួរ សុខហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ ជាដើមតែប៉ុណ្ណោះ។ ដូច្នេះ តើមានប្រយោជន៍អ្វី ដែលពលរដ្ឋខ្មែរ រាប់ទាំងក្រុម កឹម សុខា និយមផងនោះត្រូវរាប់លោក សម រង្ស៊ី ថាជាកីឡាករក្នុងសង្វៀននយោបាយតទៅទៀតនោះ?

ហេតុផលទី២៖ លោក សម រង្ស៊ី ធ្វើនយោបាយបោកប្រាស់ និងបោកប្រាក់ប្រជាពលរដ្ឋខ្លួនឯង ជាដរាប និងដោយឥតអៀនខ្មាស ។ ជាក់ស្តែងផែនការ ថ្ងៃ៩ វិច្ឆិកា គឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុតដែលបញ្ជាក់មិនអាចប្រកែក បានអំពីបញ្ហានេះ។

លោក សម រង្ស៊ី បានសម្តែងឆាក ល្ខោនដូចមែនទែនក្នុងរឿង សំបុត្រយន្តហោះដែលខ្លួនឥតបានកក់ទិញសោះនោះ ហើយក៏ប្រើស្ទីលដដែលៗ គឺគ្មានអ្វីក្រៅពីរៀបចំវ៉ាលី បង្ហាញលិខិតឆ្លងដែន អូសវ៉ាលីចូលទៅព្រលានយន្តហោះ សម្ភាសន៍ជាមួយអ្នកកាសែតថា ចូលស្រុកខ្មែរវិញហើយ ទោះជាប់គុក ឬស្លាប់ក៏ទៅដែរ។ល។ ប៉ុន្តែបន្ទាប់ពីថតរូបបង្ហោះតាមហ្វេសប៊ុករួច ក៏ប្រកាសថា មិនបានទៅវិញទេ ដោយមូលហេតុនេះឬមូលហេតុ នោះតាមដែលគាត់ចង់ថា។

ការពិតគោលដៅយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី គឺការប្រើនយោបាយប្រជាភិថុតិ ដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនមើលឃើញថា ខ្លួនជាអ្នកក្លាហាន ជាអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិពិត ប្រាកដដើម្បីទាញកម្លាំងពួកគេ មកប្រើប្រាស់ធ្វើជាឈ្នាន់នយោបាយ។ ប៉ុន្តែ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ហើយបាតដៃក៏មិនអាចបាំងពន្លឺព្រះអាទិត្យបានដែរ ព្រោះរូបភាពដែលគាត់ បានបង្ហាញនោះ វាផ្ទុយស្រឡះពីចរិតពិតរបស់គាត់ ដែលជាមនុស្សកំសាក ផ្តាច់ការ និងបំផ្លាញជាតិ។

លោក សម រង្ស៊ី ដែលអួតក្តែងៗថា នឹងចូលមកកម្ពុជាឲ្យបាននៅថ្ងៃ៩ វិច្ឆិកានេះ ទោះជាត្រូវគេរារាំងយ៉ាងណាក៏ដោយនោះ ឥឡូវសូម្បីស្រមោលក៏មិនឃើញ នៅទីតាំងដែលខ្លួនអួតថា មកនោះដែរ គឺបានមកដល់ត្រឹមប្រទេសម៉ាឡេ ក្នុងនាមជាអ្នកទេសចរម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ សម រង្ស៊ី និងគូកន បែរជាជំរុញឲ្យអ្នកគាំទ្រធ្វើសកម្មភាពជំនួសខ្លួនទៅវិញ។ នេះហើយជាកត្តាកំណត់នៃបរាជ័យ យ៉ាងអាម៉ាស់បំផុតរបស់លោក សម រង្ស៊ី សម្រាប់ផែនការ ៩ វិច្ឆិកា។

ហេតុផលទី៣៖ នៅលើឆាកអន្តរជាតិ ក៏គេស្ទើរតែលែងនិយាយពីឈ្មោះ សម រង្ស៊ី ទៅហើយដែរ ក្រៅតែពីបុគ្គលមួយចំនួន ដែលជាម៉ូយចាស់ និងអ្នកខ្លះទៀត ធ្វើជាគាំទ្រ សម រង្ស៊ី ដើម្បីរកប្រជាប្រិយភាព និងប្រយោជន៍សំរាប់ខ្លួនឯងតែប៉ុណ្ណោះ។ ក្នុងការធ្វើនយោបាយជាង២០ ឆ្នាំកន្លងទៅនេះ លោក សម រង្ស៊ី ជួបតែនឹងបរាជ័យរត់ចោលស្រុកអត់ស្វាង ហើយទៅអំពុលទុក្ខគេជាដរាប។ អ្វីដែល សម រង្ស៊ី និយាយពីកម្ពុជា ប្រាប់អន្តរជាតិ ទៀតសោធសុទ្ធសឹង ជាពាក្យភូតកុហកលើគោក ក្នុងន័យបំផ្លាញប្រទេសជាតិខ្លួនឯង ដើម្បីតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការធ្វើកំហុសខាងយុទ្ធសាស្ត្រដ៏ធំបំផុត ដែលសហគមអន្តរជាតិ ត្រូវតែដកខ្លួនឲ្យឆ្ងាយផុតពីលោក សម រង្ស៊ី នោះ គឺការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រ និងជាពិសេសការអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនហើយ បែរចុងកាណុងប្រឆាំងរដ្ឋាភិបាល ដែលទង្វើនេះ គឺស្មើនឹងការប្រកាសជាចំហរ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលផង និងប្តូររបបរាជានិយម នៅកម្ពុជាផង។

ចុងក្រោយនេះ សារព័ត៌មានអន្តរជាតិល្បីៗ ក៏បានចាប់ផ្តើមវាយប្រហារលោក សម រង្ស៊ី ផងដែររឿងមិនបានកក់សំបុត្រយន្តហោះ។

ហេតុផលទាំងអស់នេះ គឺជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលនាំដល់ការបរាជ័យនៃយុទ្ធនាការម្រាម៩ របស់លោក សម រង្ស៊ី។ ស្ថានភាពថ្ងៃ៩ វិច្ឆិកានេះ ក៏អាចវាស់ស្ទង់បាន យ៉ាងច្បាស់លាស់ផងដែរ អំពីកម្លាំងនយោបាយរបស់លោក សម រង្ស៊ី។

តាមរយៈព្រឹត្តការណ៍ថ្ងៃនេះ បើនិយាយពីឡានវិញ លោក សម រង្ស៊ី គឺជាឡានខូច ហើយអស់សាំង រីឯអ្នកបើកបរក៏ចាស់ជរាមើលផ្លូវលែងឃើញទៅហើយ។ ដូច្នេះ មធ្យោបាយមានតែមួយគត់ គឺត្រូវប្តូរទាំងឡាន និងប្តូរទាំងសាំង និងទាំងអ្នកបើកបរដើម្បីឲ្យមានសន្ទុះថ្មី។

យ៉ាងណាមិញឆាកនយោបាយកម្ពុជាពេលនេះ ត្រូវការតួអង្គនយោបាយថ្មី ក្នុងក្រុមប្រឆាំងដែលអាចធ្វើជាដៃគូដ៏ស័ក្តិសមជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ ឲ្យលឿនទៅមុខដោយគ្មានឧបសគ្គដូចក្នុង យុគសម័យដែល សម រង្ស៊ី ជាមេបក្សប្រឆាំងនោះឡើយ។ ជោគវាសនានយោបាយរបស់លោក សម រង្ស៊ី អស់ហាងឆេងត្រឹមនេះហើយ។ សូមសម្រាកចុះលោក សម រង្ស៊ី Goodbye៕

Advertising