(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៤០របស់ CATA (40th Commonwealth Association of Tax Administrators (CATA) Annual Technical Conference) ក្រោមប្រធានបទ «វិធានការឆ្លើយតបនឹងសេដ្ឋកិច្ចស្រមោល និងឌីជីថលភាវូបនីយកម្ម ក្នុងការប្រមូលចំណូល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
សមាគមរដ្ឋបាលសារពើពន្ធ CATA មានរដ្ឋបាលសារពើពន្ធជាសមាជិកសកម្មមកពី៤៦ប្រទេស ដែលត្រូវបានបង្កើតទ្បើងចាប់តាំងពីឆ្នាំ១៩៧៨ ក្នុងគោលបំណងជួយដល់រដ្ឋជាសមាជិក ក្នុងការចូលរួមសន្និសីទសំខាន់ៗនានា, វគ្គបណ្តុះបណ្តាល, កម្មវិធីសំខាន់ៗ, ការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីអភិវឌ្ឍនូវរដ្ឋបាលសារពើពន្ធដែលមានប្រសិទ្ធិភាព ឈានទៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។
សន្និសីទនៃសមាគមរដ្ឋបាលសារពើពន្ធនៃ ប្រទេសជាសមាជិកខុមុនវែល ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងកំណត់នូវវិធានការចាំបាច់នានាពាក់ព័ន្ធនឹងពន្ធដារ ក្នុងក្របខណ្ឌតំបន់ និងសាកលលោកដែលអាចឆ្លើយតបនឹងនិន្នាការ និងបញ្ហាប្រឈមថ្មីៗ ក្នុងយុគ្គសម័យនៃការវិវឌ្ឍឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ពិសេសអាចធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងធានាបាននូវស្ថិរភាពកំណើនចំណូលពន្ធ។
សន្និសិទប្រចាំឆ្នាំ CATA លើកទី៤០នេះត្រូវបានបើកដំណើរការកម្មវិធី ក្រោមការចូលរួមពីលោក Lim Guan Eng រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសម៉ាឡេស៊ី។
តាមរយៈសម្រាប់សន្និសីទនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ត្រូវបានអញ្ជើញចូលរួមក្នុងនាមជាសមាជិកនៃ ក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការសិក្សាស្រាវជ្រាវ (Study Group on Asian Tax Administration and Research – SGATAR) ក្នុងឋានៈជាភ្ញៀវពិសេស ដើម្បីចូលរួមពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដែលផ្តោតលើប្រធានបទ២សំខាន់ រួមមាន៖ ១៖ឌីជីថលភាវូបនីយកម្មពន្ធដារ (Digitalization in Taxation) និងទី២. សេដ្ឋកិច្ចស្រមោល (Shadow Economy – Issues and Challenges)។
ក្នុងរយៈពេល៤ថ្ងៃនៃសន្និសិទនេះនឹងមានកិច្ចពិភាក្សា កម្រិតក្រុមការងារបច្ចេកទេសចំនួន៦ លើទិដ្ឋភាពផ្សេងៗគ្នា ក្នុងនោះក្រុមទី១បញ្ហាប្រឈម និងឧបសគ្គនៃឌីជីថលភាវូបនីយកម្ម ក្រុមទី២ យុទ្ធសាស្ត្រក្នុងការធ្វើឌីជីថលភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ ក្រុមទី៣ ការគ្រប់គ្រងប្រមូលពន្ធ ក្នុងសេដ្ឋកិច្ចឌីជីថល ក្រុមទី៤ពន្ធ និងសេដ្ឋកិច្ចស្រមោល (Taxes and Shadow Economy) ក្រុមទី៥យុទ្ធសាស្ត្រឆ្លើយតបនឹងសេដ្ឋកិច្ចស្រមោល និងក្រុមទី៦ សេដ្ឋកិច្ចស្រមោលនិងឌីជីថលភាវូបនីយកម្ម៕