ក្រសួងសុខាភិបាល៖ បុណ្យអុំទូក៣ថ្ងៃ ពលរដ្ឋមកទទួលសេវាថែទាំសុខភាព ជាង១.៨ម៉ឺននាក់


រយៈពេល៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ សរុបចំនួន ១៨០៨៩នាក់ (ស្រី ចំនួន៥២២០នាក់) បានទទួលសេវាពិនិត្យព្យាបាលនៅតាមទីតាំងចំនួន១២កន្លែង និងក្រុមរថយន្តគិលានសង្រ្គោះចំនួន៦៨គ្រឿង ដែលបានដាក់ឲ្យបម្រើការនៅតាមគោលដៅកំណត់។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ដែលអង្គភាព័ត៌មាន ទទួលបាន នៅមុននេះបន្ដិច បានឱ្យដឹងថា ពលរដ្ឋជិត២ម៉ឺននាក់នេះ មានបញ្ហាដូចជា៖ ផ្តាសាយ ហៀរសំបោរ គ្រុនក្តៅ រាគរូស និងរាគមួល ខ្យល់ចាប់ ឈឺក្បាល ចុក អស់កម្លាំង និងមានអាការៈរោគផ្សេងៗទៀតជាដើម។

រយៈពេល៣ថ្ងៃនេះ តាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង, ក្រសួងសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យសរុបទាំងអស់ ១០៧៦នាក់ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមទីតាំងដែលបានកំណត់ផង និងចល័តក្នុងហ្វូងប្រជាជនផង ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពតិចតួច ដែលបានមក ដើរលេងកំសាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យ និងទស្សនាការប្រណាំងទូក។

គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យការពារសុខភាពទាំងអស់ បានជួយសង្រ្គោះបន្ទាន់ភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព រហូតដល់ពួកគាត់បានធូរស្បើយដោយមិនមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ ហើយពួកគាត់ក៏បានបន្តការដើរលេងកំសាន្តបន្តទៀត រហូតដល់ចប់ព្រះរាជពិធីប្រកបដោយក្តីសប្បាយរីករាយជាទីបំផុត។

សូមជម្រាបថា ក្នុងអំឡុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រុមគ្រូពេទ្យទាំងអស់ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្តទាំង២៥ បានលះបង់ពេលវេលាផ្ទាល់ខ្លួនពីក្រុមគ្រួសារ ដោយមិនបានឈប់សម្រាក មកបំពេញភារកិច្ចដ៏មមាញឹក និងមានសារ សំខាន់នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីឲ្យពលរដ្ឋមានសុខភាពល្អ ចូលរួមកំសាន្តសប្បាយនៅ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលទើបនឹងបានបញ្ចប់ទៅប្រកបដោយ ជោគជ័យជាទីបំផុតនេះ៕