ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសផ្ដាំផ្ញើដល់ក្រុ មកីឡាករទាំងអស់ដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកថា នៅពេលត្រលប់ទៅកាន់ភូមិស្រុកវិញសូមចូលរួមថែរក្សាការពារសន្តិភាពបន្តទៀត ដើម្បីបន្តការអភិវឌ្ឍក្នុងប្រទេស និងមានឱកាសមកចូលរួមប្រណាំងទូកនៅឆ្នាំក្រោយៗទៀត។
ការថ្លែងបែបនេះរបស់ឯកឧត្តម វ៉ាត់ ចំរើន ត្រូវបានធ្វើឡើងនាឱកាសឯកឧត្តមចូលរួមសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមកីឡាករចំណុះទូកទាំង៣
មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ (ទូកងចំនួន២ និងទូកចែវចំនួន១) ក្នុងនាមតំណាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃ១២ ខែវិច្ឆិកា។
នាឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា «យើងទាំងអស់គ្នាឃើញភាពរុងរឿងនៅនឹងភ្នែក យើងកំពុងកសាងវប្បធម៌ខ្មែរស្រលាញ់ខ្មែរ ស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ ការស្រលាញ់គ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក គឺជាពេលវេលាដែលយើងកសាងសង្គមយើងឱ្យរីកចម្រើនទៅថ្ងៃមុខ ដូច្នេះសូមចូលរួមរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើន»។
ឯកឧត្តមថា ចាញ់និងឈ្នះមិនមែនជាទីបញ្ចប់នៃការប្រឡងនោះទេ វាគ្រាន់ជាការវាស់ស្ទង់នូវសមត្ថភាពកីឡា ហើយគ្មានអ្វីប្រសើរជាងការវាស់ស្ទង់នោះទេ។
ការចូលរួមសំខាន់ជាងការប្រកួតប្រជែង។ ស្មារតីកីឡាគេជួយគាំទ្រទាំងអ្នកចាញ់និងអ្នកឈ្នះ ដែលគេហៅស្មារតីដែលលេងដោយយុត្តិធម៌។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមទៀតថា ការខិតខំរបស់ប្រជាពលរដ្ឋ និងកីឡាករគ្រប់គ្នា គឺបាន បង្ហាញនូវសុឆន្ទៈនៃការស្រលាញ់ និងការចូលចិត្ត
និងបានបង្ហាញពីការខិតខំប្រឹងប្រែងដែរ ហើយអ្វីដែលកើតឡើងក្នុងរយៈពេល៣ថ្ងៃនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការសាមគ្គីភាព នៃការធ្វើការរួមគ្នា នៃការចេះពីរបៀបធ្វើការជាក្រុម
ឯកឧត្តមបានដាស់តឿនដែរថា «គូប្រកួតណាក៏មិនចង់ចាញ់ដែរ តែក៏មិនត្រូវលោភលន់ចង់ឈ្នះដោយអសីលធម៌ដែរ ដែលនាំឱ្យបាត់សេចក្ដីថ្លៃថ្នូរ និងបរិយាកាសល្អក្នុងព្រះរាជពិធីបុណ្យ»៕