នៅថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃការងារជួសជុល និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ កណ្តាលស្ទឹង ដែលមានទីតាំងលាតសន្ធឹងនៅលើភូមិសាស្រ្តមួយផ្នែកនៃខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៃស្រុកកណ្តាលស្ទឹង ខេត្តកណ្កាល ។ ប្រព័ន្ធនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងប្រើប្រាស់ជាប្រព័ន្ធគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោតផង កាត់បន្ថយជំនន់ដែលគំរាមកំហែងរាជធានីភ្នំពេញផង និងជាប្រព័ន្ធធារាសាស្ត្រដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៨.៤០០ ហិកតា និងស្រូវប្រាំង ចំនួន ១.០០០ ហិកតា ។