ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក


នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក ចន ហ្គយ័រ (John Goyer) នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (US Chamber of Commerce) ក្នុងដំណើរទស្សនកិច្ចរបស់លោកមកព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវភាពសប្បាយរីករាយដោយបានជួបពិភាក្សាការងារជាមួយសមាជិកជាន់ខ្ពស់នៃសមាគមធុរកិច្ច និងវិស័យឯកជនអាមេរិក។ ឯកឧត្តមបានពន្យល់ថា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតជួបពិភាក្សាជាមួយឯកឧត្តម ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ហើយនៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើឱ្យសហរដ្ឋអាមេរិកពង្រីកការវិនិយោគរបស់ខ្លួន មកប្រទេសកម្ពុជាឱ្យបានរឹតតែច្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវហាយវ៉េ ក៏ដូចជាក្នុងវិស័យថាមពលផងដែរ។

លោក ចន ហ្គយ័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានទទួលជួប ព្រមទាំងទទួលយកសំណើដែលបានលើកឡើង។ លោក ហ្គយ័រ ក៏បានរាយការណ៍ជូនផងដែរអំពីលទ្ធផលនៃកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (US Chamber of Commerce) ដោយភាគីទាំងពីរក៏យល់ដូចគ្នាដែរថា ពេលនេះជាពេលល្អ ដើម្បីរឹតបន្តឹងចំណងធុរកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ លោក ហ្គយ័រ ក៏បានលើកឡើងដែរថា កិច្ចការបន្ទាប់ដែលសភាពាណិជ្ជកម្មអាមេរិកត្រូវធ្វើបន្ទាប់ គឺលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិកយល់ច្បាស់បន្ថែមពីបរិយាកាសធុរកិច្ចនៅកម្ពុជា។

ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនជាយោបល់ថា ធុរជនអាមេរិកគួរតែចុះមកពិនិត្យបរិយាកាសធុរកិច្ចកម្ពុជាដោយផ្ទាល់ទើបអាចយល់កាន់តែច្បាស់។ ម្យ៉ាងទៀត ធុរជន និងវិនិយោគិនអាមេរិកគួរតែយល់ថា ការវិនិយោគនៅកម្ពុជា គឺមិនមែនសម្រាប់តែធ្វើធុរកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ គឺដើម្បីធ្វើធុរកិច្ចនៅក្នុងអាស៊ានទាំងមូល ហើយជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលនឹងឈានមកដល់ដំណាក់កាលបញ្ចប់ខាងមុខនេះ ទោះបីជាមិនមានប្រទេសឥណ្ឌាចូលរួមក៏ដោយ ក៏នៅតែជាទីផ្សារមួយដ៏ធំទូលំទូលាយដែរ ហើយដោយកម្ពុជាស្ថិតនៅចំកណ្ដាលអាស៊ាន ទីតាំងកម្ពុជានឹងផ្ដល់អត្ថប្រយោជន៍ក្នុងការក្លាយជាទីតាំងផលិតដើម្បីផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់។ អនុសាសន៍មួយទៀតដែលឯកឧត្តមរដ្ឋមន្ត្រីបានជូនក្នុងពេលនោះ គឺការពង្រឹងការទំនាក់ទំនង និងកិច្ចពិភាក្សារវាងសមាគមធុរកិច្ចអាមេរិក និងរាជរដ្ឋាភិបាល ដោយឯកឧត្តមរដ្ឋមន្ត្រីយល់ថាភាគីទាំងពីរអាចមានយន្តការពិភាក្សាប្រចាំឆ្នាំដោយភាគីអាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។ ក្នុងករណីចាំបាច់ក្រុមហ៊ុន ឬសភាពាណិជ្ជកម្មអាមេរិកក៏អាចចូលរួមក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។