កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី៦មានចំនួន ៣ចំណុច ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរ អប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់សាលាខេត្ត និង អាជ្ញាធរក្រុងសៀមរាបផងដែរ។

បន្ទាប់ពីពិនិត្យកូរ៉ុមរបស់សមាជិកក្រុមប្រឹក្សាចូលរួម អង្គប្រជុំបានពិនិត្យ ពិភាក្សា និងធ្វើការអនុម័តទៅលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និង របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ព្រមទាំងបានលើកឡើងអំពីបញ្ហាផ្សេងៗផងដែរ ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ បានផ្តោតលើបញ្ហា និងសំណូមពរមួយចំនួន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមដងវិថីក្នុងក្រុង ,អំពីបញ្ហាលើការងារគ្រប់ឯកសារ លិខិតស្នាមរដ្ឋបាល និង ការចងក្រងលិខិតឯកសារ , ការគ្រប់គ្រងបណ្តាយានយន្ត កែច្នៃគ្រប់ប្រភេទ និង ការចុះបញ្ជីយានយន្ត ,ពិនិត្យបច្ចេកទេសយានយន្ត , ការធ្វើលូប្រអប់ដោយពុំមានដាក់លូបង្ហូទឹកចេញពីផ្លូវ (រ៉ឺហ្កា) និង បញ្ហាម៉ោងពេលរថយន្តធុនធំៗចូលក្រុង និង ការពិនិត្យរបស់ប៉ូលីសទាមទាឯកសារដើម ចំពោះឈៀករថយន្ត ព្រមទាំងបញ្ហាការ ដ្ឋានស្ថាបនាប្រព័ន្ធទឹកកខ្វក់ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និង ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរកិច្ចប្រជុំ ក៏បានលើកផងដែរអំពីបញ្ហាតួលេខភ្ញៀវទេសចរណ៍ ព្រមទាំងត្រូវឲ្យបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវមានព័ត៌មានប្រតិកម្មរហ័ស ក្នុងការឆ្លើយតបជាមួយមហាជនផងដែរ ។

ក្នុងនោះលោក ពៅ ពិសិដ្ឋ ក៏បានអនុញ្ញាតដល់បណ្តាមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ នូវរាល់គ្រប់បញ្ហា ដែលសមាជិក សមាជិកា នៃអង្គប្រជុំបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦នេះ ឲ្យបានអស់ចម្ងល់ផងដែរ។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ ដោយត្រូវយកចិត្តទុកដាក់ ដោះស្រាយឲ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ចំពោះបញ្ហា និងសំណូមពរដែលបានលើកឡើងខាងលើនេះ។ លោកក៏សំណូមពរឲ្យកម្លាំងសមត្ថកិច្ចនគរបាល និងកងកម្លាំងទាំងអស់ ធ្វើកិច្ចសហការគ្នា ត្រួតពិនិត្យឡើងវិញ រាល់ការធ្វើចរាចរណ៍របស់រថយន្តធំៗ ចំពោះអ្នកបើកបររថយន្តទាំងនោះ ទៅលើបញ្ហាសារធាតុញៀនក្នុងខ្លួន ការដឹកជញ្ជូនដីធ្លាក់តាមដងផ្លូវ និង ធ្វើឲ្យខូចផ្លូវបាត់នូវសោភណ្ឌភាពក្រុង រួមទាំងចំណតរថយន្តអាណាធិបតេយ្យ និង គ្រប់រថយន្តធ្វើអាជីវកម្មបានចុះក្នុងបញ្ជីធ្វើអាជីវកម្ម ។

បន្ទាប់ពីអង្គប្រជុំធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានផ្តល់យោបល់រួចមក មានប្រសាសន៍បូកសរុបនោះដែរឯកឧត្តម អ៉ឹង ហឿន បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦នេះ ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋាន បម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និង កែលម្អភាពអសកម្មនានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ ឯកឧត្តម ក៏សូមឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តធនធ្ងន់ និងធ្វើការផាក ពិន័យ ណែនាំអប់រំ ដល់រថយន្តខុសបច្ចេកទេស និង អ្នកបើកបរដែលមានសាធាតុញៀនក្នុងខ្លួន ក្នុងការកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ។ កត្តាសំខាន់នោះគឺ បញ្ហាធ្វើឲ្យមានការកកស្ទះចរាចរណ៍នៅតាមបណ្តាដងផ្លូវក្នុងក្រុងមួយចំនួន ដោយរថយន្តតាក់ស៊ីឈប់ចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ បញ្ហារថយន្តដឹកភ្ញៀវទេសចរណ៍៤៥កៅអី ឈប់សំចតនៅតាមភោជនីយដ្ឋាន ដែលជាការបង្កឲ្យមានការកកស្ទះក្នុងក្រុង។

ឯកឧត្តមក៏សង្កត់ធ្ងន់ផងដែរ ចំពោះបញ្ហាផ្លូវមួយចំនួនក្នុងក្រុងដែលរងការខូចខាត បានធ្វើឲ្យប៉ះពាល់ដល់វិស័យ ទេសចរណ៍យ៉ាងខ្លាំង ព្រមទាំងសុំឲ្យអាជ្ញាធរខេត្ត មន្ទីរជំនាញមានវិធានការ ធ្វើការកែច្នៃក្នុងការជួសជុលផ្លូវទាំងនោះ ដើមី្បសម្រួល ដល់ការធ្វើចរាចរណ៍ ទោះបីផ្លូវទាំងនោះគ្មានគម្រោងថវិកាក៏ដោយ ក៏មិនត្រូវបណ្តោយឲ្យខូតខាតទាំងស្រុងនោះទេ ។ ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង និង កម្លាំងសមត្ថកិច្ច ចូលរួមសហការអនុវត្តឲ្យខាង តែបាននូវចំណុចអសកម្មទាំងនេះ ដែលកើតជាយូរមកហើយ ដើមី្បបញ្ចប់នូវបញ្ហាទាំងនេះ នៅក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ឲ្យប្រកបទៅជាទីក្រុងមានសណ្តាប់ធ្នាប់ល្អ ក្នុងការកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍ទៀតផង ៕