នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម(គ.ល) និង(អ.ល) បានចុះពិនិត្យវាយតម្លៃការងារជួសជុល និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្រ្តប្រឡាយហនុមាន ដែលមានទីតាំងភូមិសាស្ត្រគ្របដណ្តប់លេីស្រុកបាទី មានចំនួន ០៥ឃុំ (ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្នោត ឃុំពារាម និងឃុំចំបក់) ។ ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៧៦ (ក្នុងរបប ប៉ុល ពត) ហេីយបានស្តារ និងសាងសង់ឡេីងវិញឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយក្រសួងធនធានទឹក និងឧតុនិយម (២០១៥-២០១៨) ។ ប្រព័ន្ធនេះ មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកពីបឹងទន្លេបាទី មកធ្វេីការស្រោចស្រពបន្ថែមលេីផ្ទៃដីបង្កបង្កេីនផលកសិកម្មស្រូវប្រមាណជាង ៥.០០០ហិកតា ជូនប្រជាពលរដ្ឋឃុំពារាម និងឃុំកណ្តឹង របស់ស្រុកបាទី មានចំនួន ២.៨៥០គ្រួសារ ក្នុងនោះមានដំណាំស្រូវវស្សាចំនួន ១.៨២៩ហិកតា ស្រូវប្រាំងចំនួន ១៧៣ហិកតា ដំណាំរួមផ្សំចំនួន ២៣៥ហិកតា និងជាផ្លូវគមនាគមន៍យ៉ាងសំខាន់ក្នុងតំបន់នោះផងដែរ ៕