សហគមសហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំសប្តាហ៍សហគ្រិនភាពសកលកម្ពុជា២០១៩


សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហកាជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា នឹងរៀបចំទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ២០១៩ (Global Entrepreneurship Week) ក្រោមប្រធានបទ «ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ឆ្ពោះទៅរកការរួមបញ្ចូលគ្នា ក្នុងសេដ្ឋកិច្ចឌីជីថល»។

ទិវានេះរៀបចំកម្មវិធីចំនួន៤កម្មវិធីផ្សេងៗគ្នាដូចជា៖

១៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងរៀចំឡើងនៅក្នុងខេត្តសៀមរាប និងផ្តោតសំខាន់លើទិសដៅវិនិយោគក្នុងខេត្ត, បញ្ហាប្រឈម និងឱកាសព្រមទាំងគោលនយោបាយ និងគម្រោងនានាដែលជួយគាំទ្រ ដល់ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ដល់សហគ្រាសធុនតូច និងមធ្យម។

២៖ នៅថ្ងៃដដែលនោះនឹងរៀបចំឡើងនៅខេត្តកំពង់ចាម ដែលផ្តោតសំខាន់ទៅលើទិសដៅវិនិយោគក្នុងខេត្ត បញ្ហាប្រឈម និងឱកាស ព្រមទាំងគោលនយោបាយ និងគម្រោងនានាដែលជួយគាំទ្រ ដល់ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ដល់សហគ្រាសធុនតូច និងមធ្យម ដូចនៅខេត្តសៀមរាបដែរ។

៣៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ដែលវាគ្មិនភាគច្រើនជាអ្នកបង្កើតអាជីវកម្មថ្មី ក្រសួងស្ថាប័នដែលបានធ្វើការ ដើម្បីគាំទ្រដល់អាជីវកម្មបង្កើតថ្មីទាំងនេះ។

៤៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀបចំក្នុងរាជធានីភ្នំពេញចំពោះសហគ្រិន ឬក្រសួងស្ថាប័នពាក់ព័ន្ធ និងជាដៃគូទាំងឡាយដែលចង់យល់ច្បាស់ពីសេដ្ឋកិច្ចឌីជីថល និងការវិវឌ្ឍន៍នានាផ្នែកបច្ចេកវិទ្យា ដែលកំពុងកើតមានឡើងនៅកម្ពុជា។

សូមបញ្ជាក់ថា ទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ប្រចាំខែវិច្ឆិកា នៅក្នុងប្រទេសជាង១៧០ ដើម្បីអបអរភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណាព្យាយាម ដើម្បីក្លាយជាសហគ្រិន នៅក្នុងឆាកជីវិតរបស់គេធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើឲ្យមនុស្សមានការគិតគូរ និងពង្រឹងសុខុមាលភាព របស់ប្រជាជនក្នុងប្រទេសនីមួយៗ៕