នាវាទេសចរណ៍ WESTERDAM នាំភ្ញៀវទេសចរបរទេសជិត ២.០០០នាក់ ចូលចត​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ


តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ  WESTERDAM បាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០១ថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ។

មន្ត្រីច្រកទ្វារអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងបន្តថា នាវាទេសចរណ៍ WESTERDAM មានសញ្ជាតិ Natherland  មានបណ្ដោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ក្នុងនោះភ្ញៀវ​ទេស​ចរសរុបចំនួន ១.៨៦៧នាក់ ស្រី ១.០០១នាក់ មាន ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៩៥នាក់ ស្រី ១៤៤នាក់ មាន ៤៤សញ្ជាតិ ។

នាវាទេសចរណ៍ WESTERDAM បាននាំភ្ញៀវទេសចរបរទេសមកពី​ប្រទេស​វៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ និង ២០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នាវាមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណា​ចក្រកម្ពុជា នៅវេលាម៉ោង ៦រសៀល ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងតាមឆ្នេរសមុទ្រក្រុងខេត្តព្រះសីហនុ។

សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏មាននាវាទេសចណ៍របរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១.៩៦៩នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះ សីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មួយថ្ងៃផងដែរ ៕