រសៀលថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកប្រមាណ៤០០នាក់ ចូលជួបសំណេះសំណាល មុនចេញទៅប្រកួតកីឡា SEA Games


(ភ្នំពេញ)៖ នៅម៉ោង៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីខាងលើ មិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនីគ្រប់រូបនោះទេ គឺថែមទាំងផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តមួយដ៏ពិសេស សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា ក្នុងការពង្រឹងស្មារតី និងឆន្ទៈប្រកួតប្រជែងកាន់តែមុះមុតថែមទៀតផង ។

គួរបញ្ជាក់ថា រាល់ពេលអត្តពលិកកម្ពុជា ត្រៀមចេញទៅចូលរួមប្រកួតហ្គេមផ្លូវការ ដូចជាស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេមជាដើម មុនចេញដំណើរ សម្ដេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកទាំងអស់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលជានិច្ច ពិសេសសម្ដេចតែងរំឭកដល់កីឡាករ-កីឡាការិនី ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ បទបញ្ជាការប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ឡើយ ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ ។

ចំពោះបេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាពេលឆាប់ៗខាងមុខ កម្ពុជាបានត្រៀមបញ្ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុបប្រមាណ ៤០០នាក់ លើ ៣០ប្រភេទកីឡា ទៅចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងនោះមានដូចជាកីឡាតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ, ចំបាប់, បាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports និងកីឡាហុកគី៕