សម្តេច សាយ ឈុំ អញ្ជើញរំលែកទុក្ខគ្រួសារសព ឧបាសក ម៉ើល ឆាន


ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ឧបាសក ម៉ើល ឆាន ដែលត្រូវជាលោកឪពុក លោកជំទាវមាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៩:២០នាទីយប់ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។ សព ឧបាសក ម៉ើល ឆាន កំពុងត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅផ្ទះលេខ១៩៩ ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សព ឧបាសក ម៉ើល ឆាន នឹងត្រូវដង្ហែរទៅកាន់ឈាបនដ្ឋានវត្តដំបូកខ្ពស់ ដើម្បីប្រារព្ធពិធីបូជា នៅវេលាម៉ោង ៧:០០នាទីយប់នៃថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ នេះ។
នាឱកាសនោះ សម្តេចភក្តី បានជំរាបជូនលោកជំទាវ មាន សំអាន ព្រមទាំងក្រុមគ្រួសារ អំពីសមានទុក្ខ ដ៏ក្រៀមក្រំក្តុកក្តួលអាឡោះអាល័យជាទីបំផុត របស់សម្តេច របស់លោកជំទាវសម្តេច រួមជាមួយ សមាជិក សមាជិកា ព្រឹទ្ធសភា ទាំងអស់ចំពោះការបាត់បង់លោកឪពុក ជីតា ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ សម្រាប់កូនចៅ ទាំងអស់គ្នា និង បួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឧបាសក ម៉ើល ឆាន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕