វេទិកាសាធារណៈ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ


(កណ្ដាល)៖ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់សំណូមពរប្រជាពលរដ្ឋ យកមកដោះស្រាយជូនពួកគាត់ ជាពិសេសពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

ការចុះបើកវេទិកាសាធារណៈ របស់ឯកឧត្តម ហេង រតនា ខាងលើនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ក្រុមការងារ រួមទាំងប្រជាពលរដ្ឋទៅទូទាំងឃុំកំពង់ភ្នំ សរុប៦០០នាក់ និងមន្ដ្រីជុំវិញស្រុក កងកម្លាំងពាក់ព័ន្ធនិងរដ្ឋបាលស្រុក យ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋសរុប៦០០នាក់ ខាងលើនេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា វេទិកាសាធារណៈនេះ មានសារៈសំខាន់ខ្លាំងណាស់ ហើយជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ហេង រតនា បានបន្ថែមទៀតថា ការបើកវេទិកាសាធារណៈនេះឡើង គឺជាចំណុចមួយដែលសំខាន់ របស់សម្តេចតេជោ ហ៊ុន សែន បានឈ្វេងយល់ និងគោរពតម្លៃរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ម្ចាស់អំណាចដែលបង្ហាញឲ្យឃើញច្បាស់ថា សេរីភាពនៃការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋ ត្រូវលើកតម្កើងយ៉ាងពេញលេញនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ហេង រតនា ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិ ក្រោមម្លប់សន្តិភាពសម្តេចតេជោ នៃយើងទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត។

បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវកង្វល់ និងសំណូមពរជាច្រើន ដាក់ជូនដល់ក្រុមការងារ ដើម្បីជួយដោះស្រាយ ហើយក្រុមការងារ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានពន្យល់បកស្រាយ នូវចម្ងល់ទាំងឡាយរបស់ពួកគាត់ បានយល់ច្បាស់តាមបញ្ហាជាក់ស្តែង និងទទួលសំណូមពររបស់ពួកគាត់ មកសិក្សា ដោះស្រាយតាមជំនាញនិងបញ្ហានីមួយៗ។

រាល់សំណូមពរទាំងអស់ របស់ប្រជាពលរដ្ឋ ឯកឧត្តម ហេង រតនា បានយកទៅពិភាក្សា និងដោះស្រាយជាបន្ទាន់ ចំពោះសំណូមចាំបាច់ជាមុន និងរឿងផ្សេងៗទៀត ទុកដោះស្រាយតាមក្រោយបន្តបន្ទាប់ ឲ្យបានចប់ដូចគ្នា។

នាឱកាសនោះឯកឧត្តម ហេង រតនា ក៏បានអរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រចូលរួមហូបអំបុក ថ្ងៃទី០៩ វិច្ឆិកា ក្រោមបាវចនា អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ដោយមិនមានចលនាណាមួយ ចូលរួមជាមួយមេក្រុមឧទ្ទាម និងចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ផងដែរ៕