លោកជំទាវ ឃួន សុដារី៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកម្ពុជា-ប៉ាគីស្ថាន កំពុងវិវឌ្ឍទៅជាលំដាប់លើគ្រប់វិស័យ


លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបជូន លោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអ៉ីស្ថាមប៉ាគីស្ថានថា កម្ពុជាវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន ដែលមានការវិវឌ្ឍទៅមុខកាន់តែល្អប្រសើរ លើគ្រប់វិស័យទាំងរាជរដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា។

ការជម្រាបជូនពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះ បានធ្វើឡើងក្នុងពេល លោកស្រី ទទួលជួបសំណេះសំណាលគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន នារសៀលថ្ងៃទី១៨ ខែវិច្ឋិកា ឆ្នាំ២០១៩នេះ។

លោកជំទាវបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-បាគីស្ថាន គួរតែរិះរកបន្ថែមនូវយន្តការ ដើម្បីចំណងទាក់ទងរដ្ឋយើងទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ (Belt and Road Initiative)។ លោកស្រីបានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង ក្នុងការពង្រឹងចំណងទាក់ទងជាមួយ បណ្តាប្រទេសអឺរ៉ាស៊ី ជាពិសេសសហគមន៍សេដ្ឋកិច្ចអឺរ៉ាស៊ី។ លោកស្រី ក៏បានលើកឡើងបន្ថែមថា ពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មតំបន់បើកទូលាយ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរាល់គ្រប់សង្គមនាពេលអនាគត។

លោកជំទាវបានបញ្ជាក់ប្រាប់អនុប្រធានសភាប៉ាគីស្ថានថា រយៈពេល ២ទសវត្សចុងក្រោយនេះ កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពក្នុងរង្វង់៧ភាគរយ រៀងរាល់ឆ្នាំ ដែលនាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ព្រមទាំងបានកាត់បន្ថយភាពក្រីក្រឱ្យស្ថិតនៅសល់ក្រោម អត្រា ១០ភាគរយ ហើយនឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខនេះ។

លោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអ៉ីស្ថាមប៉ាគីស្ថាន បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាថា្នក់ដឹកនាំសភាកម្ពុជា ដែលបាន និងកំពុងបន្តគាំទ្រ រួមទាំងជួយជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។

លោកជំទាវ ឃួន សុដារី និងលោក Qasim Khan Suri ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ផ្សេងៗ ជាពិសេសការលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ដោយភាគីប៉ាគីស្ថានបានស្នើឱ្យមានការជម្រុញភ្ញៀវទេសចរណ៍ពីប្រទេសកម្ពុជាទៅទស្សនាតំបន់ប្រវត្តិសាស្រ្តវប្បធម៌ និងសាសនា ដែលមានជាច្រើនកន្លែង ហើយដែលសំបូរទៅដោយរូបបដិមាព្រះពុទ្ធនៅសាធារណរដ្ឋប៉ាគីស្ថាន។

ជាការលើកឡើងបន្ថែម ភាគីទាំងពីរ មានសុទិដ្ឋិនិយមរួមគ្នាថា ការកើនឡើងនៃការពឹងអាស្រ័យគ្នាទៅវិញទៅមក ការជឿទុកចិត្ត ខាងផ្នែកនយោបាយកាន់តែស៊ីជម្រៅ និងការចែករំលែកនូវទស្សនៈពិភពលោក និងជាវិភាគទានរួមចំណែកដល់សុខសន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកជារួម។

មុននឹងបញ្ចប់ការពិភាក្សា លោកអនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអ៉ីស្ថាមប៉ាគីស្ថាន បានគោរពអញ្ជើញថ្នាក់ដឹកនាំរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីក្រោមឱវាទ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៉ាគីស្ថាន ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក៕