ឯកឧត្តម អ៊ុន ចាន់ដា៖ បើចង់បានផ្លែផ្កាពីការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវការចំណាយពេលវេលាយូរ និងភាពអត់ធ្មត់ ទើបទទួលបានជោគជ័យ


(កំពង់ចាម)៖ ក្នុងពិធីបើកសន្និសីទវិទ្យា សាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម នាព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវការចំណាយពេលវេលាយូរ និងភាពអត់ធ្មត់ ទើបទទួលបានផ្លែផ្កា ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺជាចំណែកមួយនៃការវិនិយោគសាធារណៈ ដែលត្រូវចំណាយធនធាន និងពេលវេលាយ៉ាងយូរ ហើយត្រូវតស៊ូព្យាយាម និងអត់ធ្មត់កម្រិតខ្ពស់ថែមទៀត ទើបយើងអាចទទួលបានផ្លែផ្កា។ ការទទួលបានផ្លែផ្កាជាទូទៅមាន លក្ខណៈអរូបីយ ហើយជួនកាលយើងត្រូវរង់ចាំអស់រយៈពេលយ៉ាងយូរ ទើបផ្លែផ្កានោះអាចលេចចេញជា រូបរាង្គពិតប្រាកដ។

ជាក់ស្តែងថ្មីៗកន្លងមកនេះ តាមរយៈធនធាន ដែលបានពីការអប់រំ បណ្តុះបណ្តាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានខិតខំជំរុញឲ្យពួកគាត់ផ្ទេរ នូវបច្ចេកវិទ្យាទៅដល់កសិករ ដើម្បីធ្វើឲ្យកំណើនផលិតផលកសិកម្ម កើនឡើងទាំងទិន្នផល និងគុណភាព លើសអំពីតម្រូវការទីផ្សារក្នុងស្រុក ជាបរិបទថ្មីមួយទៀតតម្រូវឲ្យវិទ្យាស្ថានសិក្សាបន្ថែមទៀតថា តើត្រូវរកទីផ្សារកសិផលជូនប្រជាកសិករ កម្ពុជាដោយវិធីណា? ដើម្បីធានាបាននិរន្តរភាពផលិតកម្មកសិកម្ម ធានាបាននូវជីភាពកសិករឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តទៀតថា តាមរយៈយុទ្ធសាស្រ្តចតុកោណកន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិនិយោគក្នុងវិស័យ ធនធានមនុស្ស ផ្លូវ ទឹក អគ្គិសនី ក៏ប៉ុន្តែ ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន ឧត្តមភាពប្រកួតប្រជែងនេះ តម្រូវការមូលធនមនុស្ស មាន ចំណេះដឹងទូលំទូលាយ ចេះច្នៃប្រឌិត និងមានជំនាញ ច្បាស់លាស់ នៅតែជាភាពចាំបាច់មួយទៀត។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលតាំងពីដើមរៀងរហូតមកជានិច្ចកាល តែងតែចាត់ទុកការសិក្សា ស្រាវជ្រាវ គឺជាវិស័យអាទិភាព និងជាកូនសោដ៏សំខាន់សម្រាប់ការលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាបាននូវភាពជោគជ័យនៃដំណើរ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសាកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ៕