សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងក្រុមប្រឆាំង៖ «បើអស់លោកមិនគិតដល់ម្តាយរបស់ខ្លួនទៅហើយ តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ»


(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ខណៈកំពុងមានទុក្ខលើបញ្ហាសុខភាពម្តាយក្មេក, នៅមុននេះបន្តិចបានប្រតិកម្មតាមរយៈ Comment នៅលើហ្វេកប៊ុកទៅក្រុមប្រឆាំងថា ពួកអស់លោកមិនអាចដឹកនាំប្រទេស ឬកូនបក្សមួយបានទេ ព្រោះតែអស់លោកគ្មានគុណធម៌និងសីលធម៌។ បើសូម្បីតែម្តាយខ្លួនឯង អស់លោកមិនស្រឡាញ់ និងយកចិត្តទុកដាក់ផងនោះ, តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ។

ការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងដែលមានឈ្មោះ Sovannara Som បានបង្ហោះសារវាយប្រហារ និងប្រមាថដល់សម្តេចតេជោ តាមរយៈ Comment នៅក្នុងរឿងដែលសម្តេចបានបង្ហោះ និងបង្ហាញរូបភាពអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេចនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងក្រុមប្រឆាំងយ៉ាងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិមើលចរិត្តពួកជ្រុលនិយមដែលបានលើកឡើងខាងលើ។ ខ្ញុំចង់ប្រាប់លោកថា ពួកអស់លោកមិនអាចដឹកនាំកុំថាឡើយដឹកនាំប្រទេសសូម្បីតែដឹកនាំកូនបក្សមួយ ឬភូមិមួយក៏មិនបានផង ព្រោះតែអស់លោកគ្មានគុណធម៌ និងសីលធម៌»។

សូមដាក់ចេញជាសំនួរថា៖ «បើអស់លោកមិនគិតដល់ម្តាយរបស់ខ្លួនទៅហើយ តើអស់លោកអាចស្រឡាញ់ និងយកចិត្តទុកដាក់ដល់ប្រជាជនយ៉ាងណាទៅ បើសូម្បីតែម្តាយខ្លួនឯង អស់លោកមិនស្រឡាញ់និងយកចិត្តទុកដាក់ផងនោះ។ ម្យ៉ាងទៀតពេលនេះខ្ញុំកំពុងមានទុក្ខ ពួកលោកចូលមករករឿងខ្ញុំ ដូចនេះអ្វីដែលខ្ញុំបានចាប់ពួកលោកញាត់គុក ពេលដែលពួកលោកប្រព្រឹត្តខុសច្បាប់គឺសមហេតុផលណាស់។ ដោយសារតែចរិតទាំងមេទាំងកូនបែបនេះហើយ ទើបនាំដល់ការរលាយបក្ស និងជាប់គុក ព្រោះគ្មានស្មារតីបង្រួមជាតិនិងគិតតែរឿងបំផ្លាញជាតិ»។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងបង្ហាញរូបភាពដើម្បីបង្ហាញជូនជនរួមជាតិ អំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ តម្រូវឱ្យកូនចៅនៅក្បែរជានិច្ច។

ការចេញមកបញ្ជាក់របស់សម្តេចតេជោ នៅព្រឹកនេះបន្ទាប់ពីមាន Facebook មួយបានយករូបថតម្តាយក្មេកសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពី១១ឆ្នាំមុនមកបង្ហោះ នៅមន្ទីរពេទ្យសិង្ហបុរី បង្កើតឲ្យមានការភ័ន្តច្រឡំថា សុខភាពម្តាយក្មេករបស់សម្តេចបានជាសះស្បើយ ដែលធ្វើឲ្យសម្តេចពិបាកក្នុងការបកស្រាយ ពាក់ព័ន្ធការលុបចោលការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ៕