សម្តេចប្រធានរដ្ឋសភាលើកទឹកចិត្តទូតថ្មីព័រទុយហ្កាល់ឱ្យជួយជំរុញ សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍


ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧–សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់ ឯកឧត្តមឯកអគ្គរាជទូតតែងតាំងថ្មី របស់ប្រទេសព័រទុយហ្កាល់ ប្រចាំនៅកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ឱ្យជួយជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ កម្ពុជា-ព័រទុយហ្កាល់ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្វ្រង់ស៊ីស្គូ វាហ្វ ប៉ាតតូ (Francisco Vaz Patto) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសព័រទុយ ហ្កាល់ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករានេះ នៅវិមានរដ្ឋសភា សម្តេចចក្រីប្រធាន រដ្ឋសភាបានសន្យាដែរថា រដ្ឋសភា កម្ពុជាគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ។

សម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលប្រទេស និងប្រជាជន ព័រទុយហ្កាល់ សម្រេចបាន។

សង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្តមថ្មីនេះ ឯកឧត្តមនឹងបន្តលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសយើង ទាំងពីរ ដែលមានជាង២០ឆ្នាំ មកហើយនោះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិបានកាន់តែរឹងមាំ ទទួលបានផ្លែផ្កា។

ឯកឧត្តម ហ្វ្រង់ស៊ីស្គូ វាហ្វ ប៉ាតតូ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសព័រទុយហ្កាល់ប្រចាំកម្ពុជា បានជម្រាប ជូនថា ឯកឧត្តមបានថ្វាយសាតាំងថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ព្រះនរោត្តម សីហមុនី កាលពីម្សិលមិញ។ លោកបន្តថា ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ កម្ពុជា-ព័រទុយហ្កាល់មានតាំងពីដើម សតវត្សរ៍ទី១៦មកម៉្លេះ តែទំនាក់ទំនងការទូតទើប នឹងដាក់នៅដើម ទសវត្សរ៍ឆ្នាំ១៩៩០ ហើយទំនាក់ទំនងនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន។

រាជរដ្ឋាភិបាលនៃសាធារណរដ្ឋ ព័រទុយហ្កាល់សង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេស ទាំងពីរនឹង បានកាន់តែល្អថែមទៀត។