ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យសាខាពន្ធដារខេត្តមណ្ឌលគិរីចំនួន០៩រូប ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខដំណែងជាផ្លូវការ


មណ្ឌលគិរី៖ នៅក្នុងពិធីប្រកាសតែងតាំងផ្ទេរភារកិច្ចប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ វិច្ឆិកា២០១៩ ឯកឧត្ដមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដែលអញ្ជើញជាអធិបតី ក្នុងពីធីនោះបានស្នើឲ្យប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី ដែលទើបទទួលមុខតំណែងថ្មី ត្រូវខិតខំបំបេញការងារឲ្យកាន់តែល្អប្រសើរប្រកប ដោយប្រសិទ្ធភាព ស័ក្កសិទ្ធភាព គណនេយ្យភាព និងត្រូវចងចាំអភិក្រម៥យ៉ាងរបស់សម្ដេចតេជោ ព្រមទាំងអភិក្រម៤ ប្រការរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅឲ្យការអនុវត្តការងារមានភាពត្រឹម ត្រូវជាមួយប្រជាពលរដ្ឋ ។
ឯកឧត្ដមអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបន្តថា អគ្គនាយកដ្ឋានពន្ធដារតែងតែចាត់វិធានការទៅលើមន្ត្រីរូប ណាដែលប្រព្រឹត្តិអំពើមិនល្អតាមការណែនាំរបស់សម្ដេចតេជោ និងវះកាត់មន្ត្រីទាំងនោះចេញ ដូច្នេះឯកឧត្ដមជឿជាក់ថា លោកប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរីថ្មី នឹងធ្វើការងារបានល្អប្រសើរតាមការប្ដេជ្ញារបស់ខ្លួន។ ឯកឧត្ដមបណ្ឌិត កែន សម្បត្តិ បន្តថា ទោះបីសាខាពន្ធដារខេត្តមណ្ឌលគិរី អនុវត្តការប្រមូលពន្ធបានលើសផែនការជាបន្តបន្ទាប់ តែឯកឧត្ដមសំណូមឲ្យមន្ត្រីពន្ធដារខេត្តមណ្ឌលគិរីខិតខំបន្ថែមទៀត ប្រមូលពន្ធឲ្យអស់សក្ដានុពល ដើម្បីរួមចំណែក អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឲ្យខ្ពស់ជាងនេះទៀត ។
លោក អ៊ឺង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរីដែលទើបឡើងកាន់ដំណែង ក៏បានប្ដេជ្ញាចិត្តថា នឹងអនុវត្តការងារតាមក្រមសីធម៌វិជ្ជាជីវៈ សហការផ្ទៃក្នុងឲ្យបានល្អ បំពេញការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ ថែមទៀត គោរពតាមបទបញ្ជារបស់ថ្នាក់លើនិងអគ្គនាយកដ្ឋានពន្ធដារ ធ្វើការងារជាមួយរដ្ឋបាលខេត្តឲ្យប្រសើរ ព្រមទាំង បង្កើនការប្រមូលពន្ធឲ្យបានខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ញ៉ន សិទ្ធ បានផ្ដាំផ្ញើទៅប្រធានសាខាពន្ធដារខេត្តថ្មីខ្លះដែរថា ចង់ឲ្យមន្ត្រី ពន្ធដារខេត្តខិត្តខំបន្តទៀត ក្នុងការប្រមូលពន្ធ ក្នុងនោះមានពន្ធដីប្រើប្រាស់ ពន្ធប្រថាប់ត្រាអចលនៈទ្រព្យ ពន្ធអាករស្នាក់ នៅតាមផ្ទះសំណាក់-សណ្ឋាគារ ពន្ធប្រាក់បៀវត្សតាមអង្គការនានា និងជាពិសេសគឺពន្ធមធ្យោបាយ ដែលនឹងជិតដល់ថ្ងៃ ផុតកណត់សម្រាប់បង់ សូមកុំឲ្យមានការលើកលែង ទោះរថយន្តស្លាកលេខ នប ឬ ខម ក៏ដោយ ត្រូវចាប់ឃាត់ពិន័យតាម ច្បាប់ ។
សូមបញ្ជាក់ថា ពិធីប្រកាសតែងតាំងផ្ទេរភារកិច្ចរបស់សាខាពន្ធដារខេត្តមណ្ឌលគិរីនេះ គឺលោក អ៊ឹង តិចណិញ អតីតជាអនុប្រធានសាខាពន្ធដាខេត្តមណ្ឌលគិរី ត្រូវឡើងតំណែងជាប្រធាន ចំណែក លោក ហេង ស៊ីប៉ា អតីតប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ។ ជាមួយគ្នានេះដែរ មន្ត្រីនៃសាខា ពន្ធដារខេត្តមណ្ឌលគិរី ចំនួន៩រូប ក៏ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងចូលកាន់មុខតំណែងថ្មីរៀងៗខ្លួនដែរ៕