ឯកឧត្តម គួច ចំរើន ស្វាគមន៍ភ្ញៀវទេសចរបរទេស ធ្វើដំណើរតាមនាវាចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ


ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ស្វាគមន៍ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ដែលបានធ្វើដំណើរតាមនាវាទេសចេរណ៍ បរទេសចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំករ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យ មន្ត្រីកំពង់ផែ ក៏ដូចមន្ទីរទេសចរណ៍រៀបចំកែលម្អសោភណភាព បរិស្ថាន ពិសេសត្រូវដាក់ ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យតាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេសត្រូវការបង្គន់ អនាម័យនៅពេលរង់ចាំនៅទីលានកំពង់ផែ ព្រមទាំងអញ្ជើញទស្សនកិច្ចនៅលើនាវាទេស ចរណ៍ VIKING ORION ប្រកបដោយសុវត្ថិភាព។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៧៨៩នាក់ ស្រី ៤១៩នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់ ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ។

នាវា VIKING ORION បានចាកចេញពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុកាលពីវេលាម៉ោង៦ និង២០នាទី នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជានៅវេលា ម៉ោង១៤ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ទៅកាន់ប្រទេសថៃ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VIKING ORION ទៅទស្សនកិច្ចតាម តំបន់ រមនីយដ្ឋាននានាក្នុងខេត្ត ទីប្រជុំជនផ្សារ មាត់សមុទ្រ និងឈ្វេងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាជនកម្ពុជាផងដែរ៕