កិច្ចប្រជុំបញ្ចប់លើសេចក្តីព្រាង នៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន


ថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបញ្ចប់លើសេចក្តីព្រាងនៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មកាអន្តរក្រសួង និងមន្ត្រីជំនាញ នាយកដ្ឋានពាក់ព័ន្ធ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការធានាឱ្យបាននូវធម្មនុញ្ញភាព នៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងនីតិវិធីនៃដំណើរប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន ដើម្បីឱ្យមានភាពត្រឹមត្រូវស្របច្បាប់ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែលថា លេខពិសេសផ្ទាល់ខ្លួន ដែលគ្រោងនឹងដាក់ឱ្យដំណើរក្នុងពេលឆាប់ គឺជាលេខដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជា លេខ ឬ/និងអក្សរឡាតាំង ដែលប្រជាពលរដ្ឋអាចដាក់មិនលើសពី៨(ប្រាំបី)ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក ៕